(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ បានទទួលយកធុងដាក់សំរាម ចំនួន២៥០ធុង ក្រោមការឧបត្ថម្ភពីលោកស្រី ង៉ូវ វួចងីម តំណាងក្រុមហ៊ុន PG Dream ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាទុកដាក់សំរាមឲ្យមានរបៀបរៀបរយ ក្នុងមូលដ្ឋាន និងដើម្បីលើកកម្ពស់សោភ័ណ្ឌទីក្រុង។
ក្នុងពិធីទទួល និងប្រគល់ធុងដាក់សំរាម ចំនួន២៥០ធុងនេះ មានការអញ្ជើញចូលរួមពីលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ លោក-លោកស្រី ប្រធានការិយាល័យ-មន្ត្រីរាជការ សាលាខណ្ឌ ចៅសង្កាត់ទាំង០៧ សណ្តាប់ធ្នាប់សាលាខណ្ឌ និងប្រជាការពារសង្កាត់ជាច្រើនរូបផងដែរ។
ក្រៅពីឧបត្ថម្ភធុងដាក់សំរាម ចំនួន២៥០ធុង ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាទុកដាក់សំរាមឲ្យមានរបៀបរៀបរយ និងដើម្បីលើកកម្ពស់សោភ័ណ្ឌទីក្រុង, លោកស្រី ង៉ូវ វួចងីម តំណាងក្រុមហ៊ុន PG Dream បានឧបត្ថម្ភថវិកាជូនដល់សមាជិក សមាជិកាសាលាខណ្ឌឫស្សីកែវ ចំនួន៤០នាក់ ដោយក្នុងម្នាក់ៗ ចំនួន២០,០០០រៀល សរុប៨០០,០០០រៀល។
នាឱកាសនេះ ក្រៅពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ង៉ូវ វួចងីម តំណាងក្រុមហ៊ុន PG Dream ដែលបានចូលរួមចំណែកដោះស្រាយបញ្ហាទុកដាក់សំរាមឲ្យមានរបៀបរៀបរយ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ គោលបំណងលើកកម្ពស់សោភ័ណ្ឌទីក្រុង, លោក ជា ពិសី តំណាងមន្ត្រីរាជការទូទាំងខណ្ឌ និងប្រជាពលរដ្ឋ សូមជូនពរដល់ក្រុមហ៊ុន PG Dream កាន់តែវិវឌ្ឍរីកចម្រើនទៅមុខជានិច្ច បានសមប្រកបតែសុខភាពល្អ៕