Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមកម្ពុជាការពារអ្នកកាសែត ផ្ញើសារអបអរសាទរជូន លោក ហ៊ុយ វណ្ណៈ ដែលជាប់ឆ្នោតជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អាណត្តិទី២

15-10-2019 20:42

(ភ្នំពេញ)៖ សមាគមកម្ពុជាការពារអ្នកកាសែត (សកកអក) នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ បានផ្ញើលិខិតអបអរសាទរជូនចំពោះ លោក ហ៊ុយ វណ្ណៈ ដែលជាប់ឆ្នោតជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (សសសក) សម្រាប់អាណត្តិទី២។

សមាគមកម្ពុជាការពារអ្នកកាសែត ក៏បានជូនពរឲ្យ លោក ហ៊ុយ វណ្ណៈ ដឹកនាំសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រីកចម្រើនសម្រេចជោគជ័យ គ្រប់ភារកិច្ចការងារ ដើម្បីចូលរួមលើកស្ទួយសេរីភាពសារព័ត៌មាន និងសេរីភាពនៅក្នុងការបញ្ចេញមតិនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនខ្លាំងក្លាថែមទៀត ក៏ដូចជាចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាព ជួយគ្នាទៅវិញទៅមក រវាងសមាគមកាសែតនៅកម្ពុជា ឲ្យកាន់តែមានភាពរឹងមាំ និងមានភាព
ចាស់ទុំកាន់តែខ្លាំងថែមទៀត។

សូមជម្រាបថា លោក ហ៊ុយ វណ្ណៈ បានបន្ដជាប់ឆ្នោតជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សម្រាប់អាណត្តិទី២ ដោយសំឡេងបោះឆ្នោត ២០ លើ២០។ ពិធីបោះឆ្នោតនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងសមាជលើកទី២ អាណត្តិថ្មី ដឹកនាំការងាររយៈពេល ៣ឆ្នាំ បន្តឆ្នាំ២០១៩-២០២២ នៅអគារសេរីភាព តំបន់អភិវឌ្ឍន៍ថ្មី OCIC ជ្រោយចង្វារ។

សូមបញ្ជាក់ថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ត្រូវបានបង្កើតឡើងដោយ ការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធន៍ បំរើការងារនៅស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗគ្នា ដូចជាវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអនឡាញ (Online) ដែលមានមូលដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់បដិសន្ធិនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ដោយមានសមាជិកស្ថាបនិកដំបូង ២០រូប ទីប្រឹក្សា ១០រូប និងប្រធានគណៈកម្មការចំនួន ៩រូប សុទ្ធសឹងជាអ្នកដឹកនាំផ្នែកសារព័ត៌មាន៕