(ប្រុយណេ)៖ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើលើកទី៤១ រួចមក នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) នៅឯសណ្ឋាគារ THE EMPIRE ។
ជំនួបនេះមានគោលបំណង ដើម្បីផ្លាស់ប្តូរទស្សនទានលើអាទិភាពគោលនយោបាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពិនិត្យមើលកាលានុវត្តភាព ក្នុងការពង្រីកការវិនិយោគរបស់វិស័យឯកជន ក្នុងផលិតកម្មកសិកម្ម និងការផ្តួចផ្តើមនានា ដែលពាក់ព័ន្ធដល់ការពង្រីកការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាពនៅកម្ពុជា។ លើសពីនេះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ក៏មានបំណងផ្លាស់ប្តូរនូវទស្សនៈ ពីគោលនយោបាយពាណិជ្ជកម្មកសិកម្ម នៅកម្ពុជាផងដែរ។
លោករដ្ឋមន្រ្តីបានសម្តែងក្តីរីករាយ និងសូមស្វាគមន៍ ចំពោះគម្រោងវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួន ដែលគាំទ្រដល់ដំណើរការនៃការវិវឌ្ឍនៃខ្សែច្រវាក់តម្លៃកសិកម្ម។
លោករដ្ឋមន្រ្តី ក៏សង្ឃឹមថា តាមរយៈកិច្ចសហការជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក កម្ពុជានឹងអាចទទួលបាននូវបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗក្នុងផលិតកម្មកសិកម្ម ហើយអាចនឹងឈានទៅជួយដល់ការបង្កើនជីវភាពកសិករនៅតាមទីជនបទ។
លោករដ្ឋមន្រ្តី ក៏សង្ឃឹមថា ការបញ្ជូលបច្ចេកវិទ្យានៅក្នុងកសិកម្ម ក៏នឹងអាចជួយលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារផងដែរ ហើយបច្ចុប្បន្នប្រជាជនកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការទទួលទានម្ហូបអាហារ ដែលមានគុណភាព និងមានការបញ្ជាក់គុណភាពច្បាស់លាស់ ដើម្បីធានាដល់សុខមាលភាព។
លោករដ្ឋមន្រ្តី ក៏បានស្នើដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ពិនិត្យលទ្ធភាពក្នុងការជួយដល់កម្ពុជា ក្នុងការការពារជំងឺប៉េស្តជ្រូកអាហ្រ្វិក ដើម្បីជួយគាំទ្រដល់ឧស្សាហកម្មចិញ្ចឹមជ្រូកនៅកម្ពុជា។
តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានសម្លឹងឃើញពីសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសការនាំមកនូវបច្ចេកវិទ្យាកសិកម្មថ្មី ដែលជួយដល់ការកាត់បន្ថយថ្លៃដើមកសិកម្ម ជាពិសេសជួយសម្រួលដល់បញ្ហាពលកម្មកសិកម្ម និងកាត់បន្ថយហានិភ័យ ដែលបំផ្លាញដោយសមាសភាពចង្រៃ និងកាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម (ជីនិងថ្នាំគីមី)។
ចំពោះការចិញ្ចឹមសត្វ ក្រុមប្រឹក្សាធុរកិច្ចមានការចាប់អារម្មណ៍ ក្នុងការនាំមកកម្ពុជានូវផលិតផលមួយចំនួន ដែលជួយដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ពីសារធាតុអាម៉ូញាក់ដែលនៅក្នុងលាមកសត្វ ការណែនាំនូវផលិតផល ដែលជួយដល់ផ្នែកជីវសុវត្ថិភាព ក្នុងបរិវេណទីតាំងកសិដ្ឋានចិញ្ចឹម ដើម្បីការពារជំងឺឆ្លងសត្វនានា ដូចជាជំងឺប៉េស្តអាហ្វ្រិច និងប្រភេទផលិតផលលាយជាមួយចំណីសត្វ ដែលអាចជួយផ្សាំទៅនឹងជំងឺ និងកាត់បន្ថយការប្រើប្រាស់វ៉ាក់សាំងការពារផងដែរ៕