(ភ្នំពេញ)៖ កំឡុងពេលនៃមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក អង់ដ្រេ ឃ្លីម៉ូវ (Andrei Klimov) អនុប្រធានគណៈកម្មការកិច្ចការបរទេស នៃក្រុមប្រឹក្សាសហព័ន្ធរុស្សី និងជាសមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត Sava Centre នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។
ជាបឋម លោក អង់ដ្រេ ឃ្លីម៉ូវ បានផ្ញើការសាកសួរសុខទុក្ខជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសូមអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី ឃួន សុដារី ដែលបានចូលរួម ធ្វើសេចក្តីថ្លែងការណ៍ ក្នុងសន្និសីទតាមប្រព័ន្ធអ៉ីនធើណេត នាឱកាសនៃពិធីបុណ្យម៉ារ៉ាតុង លើកទី៤ ដែលធ្វើឡើងនាទីក្រុង Vladivostock នៃសហព័ន្ធរុស្សី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ។
ក្នុងជំនួបនេះ លោក អង់ដ្រេ ឃ្លីម៉ូវ បានស្នើដល់លោកស្រី ឃួន សុដារី ក្នុងនាមជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ចូលរួមសហការ និងគាំទ្រ ដល់គំនិតផ្តួចផ្តើម ក្នុងការរៀបចំជម្រុញឲ្យមាននូវវេទិកាឌីជីថល ជាផ្លូវការមួយ (Digital Platform) សម្រាប់ជាមធ្យោបាយក្នុងការជួបប្រាស្រ័យទាក់ទងគ្នា រវាងបណ្តាប្រទេសមកពី គ្រប់ទិសទីក្នុងពិភពលោក ក្នុងគោលបំណងចែករំលែកនូវទស្សនៈ បទពិសោធ ក៏ដូចជាដំណោះស្រាយនូវរាល់បញ្ហានានា ទាក់ទងនឹងវប្បធម៌។
លោកបានលើកឡើងថា នៅពេលដែលបច្ចេកវិទ្យាឌីជីថល កាន់តែវិវត្តទៅមុខយ៉ាងទំនើប និងត្រូវបានអនុវត្តនៅគ្រប់ទីកន្លែង គឺវាបានបង្ហាញពីឱកាសយ៉ាងច្រើន សម្រាប់អង្គការនានាក្នុងនោះមាន ICAPP ក៏ដូចជា ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ក្នុងការសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នា ដើម្បីធ្វើការផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយអំពីវប្បធម៌ អរិយធម៌ ក៏ដូចជាប្រជាធិបតេយ្យ និងតថភាពជាក់ស្តែង ដែលកំពុងកើតមានឡើងក្នុងប្រទេសនីមួយ។
លោកបានបន្ថែមទៀតថា ភាគីរុស្សីមានបច្ចេកទេសគ្រប់គ្រាន់ និងតម្រូវការចំណាយថវិកា មានកម្រិតទាបប៉ុណ្ណោះ ក្នុងការបង្កើតឲ្យមាននូវប្រព័ន្ធឌីជីថល និងប្រើប្រាស់ជាផ្លូវការ ដើម្បីជាមធ្យោបាយក្នុងការទំនាក់ទំនងគ្នា។ លោកថា ស្របពេលដែលពិភពលោក ត្រូវការជាសំខាន់នូវសន្តិភាព ដែលជាបុរេលក្ខខណ្ឌ វប្បធម៌ក៏រឹតតែមានសារៈសំខាន់ផងដែរ។
ក្នុងន័យនេះ លោក អង់ត្រេ ឃ្លីម៉ូវ បានបញ្ជាក់បន្ថែមថា បើយើងគ្មានវប្បធម៌ទេនោះ យើងក៏មិនមានដែរនូវអរិយធម៌ដ៏រុងរឿង។ លោកបានសង្កត់ធ្ងន់ថា វប្បធម៌ គឺគ្មានព្រំដែនកំណត់ឡើយ ហើយគណបក្សនយោបាយជាតួអង្គដ៏សំខាន់ ក្នុងការពន្លឿននូវរាល់ដំណើការនានា។
តាមគំនិតរបស់ លោក អង់ដ្រេ ឃ្លីម៉ូវ ជាបឋមត្រូវមានគេហទំព័រមួយ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការឈានឆ្ពោះទៅធ្វើទំនើបកម្ម ការប្រាស្រ័យទាក់ទងគ្នាតាមប្រព័ន្ធឌីជីថល។ ការណ៍ដែលលោកបានស្នើឲ្យកម្ពុជា ជួយគាំទ្រនូវគំនិតផ្តួចផ្តើមនេះ ដោយសារលោកបានជ្រាបច្បាស់ពីសសរស្តម ទាំងបួនរបស់ ACC ដែលក្នុងនោះមានការផ្សារភ្ជាប់វប្បធម៌ ទៅនឹងនវានុវត្ត។
ជាការឆ្លើយតប លោកស្រី ឃួន សុដារី បានឯកភាពតាមគំនិតផ្តួចផ្តើមនេះ ដោយនេះជាទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរពីការវិវត្ត ឥតឈប់ឈរ នៃបច្ចេកវិទ្យាពីមួយជំនាន់ទៅមួយជំនាន់។ លោកស្រី បានជម្រាបជូន លោក អង់ដ្រេ ឃ្លីម៉ូវ ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គការដៃគូអភិវឌ្ឍន៍នានា បានចាប់ផ្ដើមពិភាក្សារួមគ្នា អំពីបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ សំដៅលើការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿន ដូចជា ទំនើបកម្មលើបណ្ដាញទូរគមនាគមន៍ និងចំណេះធ្វើថ្មីៗ អំពីការគ្រប់គ្រងផលិតកម្មជាដើម ដើម្បីសម្រេចចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
លោកស្រី ឃួន សុដារី បានគូសបញ្ជាក់បន្ថែម អំពីសារៈសំខាន់នៃសសរស្តម្ភទី៤ របស់ACC ស្តីពីការលើកកម្ពស់វប្បធម៌ ជាមូលដ្ឋាន នៃនវានុវត្តភាពដែលប្រមូលផ្តុំលើមនុស្ស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងការលើកកម្ពស់គុណតម្លៃមនុស្ស និងការផ្សារភ្ជាប់មនុស្សជាតិ៕