(ភ្នំពេញ)៖ ក្នុងកំឡុងពេល នៃការចូលរួមមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី តុង ធិហ្វុង អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងមជ្ឈមណ្ឌលសន្និបាត Sava Centre នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។
ថ្លែងក្នុងជំនួបនោះ លោកស្រី តុង ធិហ្វុង បានផ្ញើការសាកសួរសុខទុក្ខជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
លោកស្រី ឃួន សុដារី ក៏បានលើកឡើង អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងសមាជិកសភាជាស្រ្តី នៃប្រទេសទាំងពីរ ដោយសភាទាំងពីរ បានផ្តួចផ្តើមគំនិតរៀបចំឲ្យមានជា ដំណើរទស្សនកិច្ចជាផ្លូវការទៅវិញទៅមក និងវេទិកាផ្លាស់ប្តូរយោបល់របស់ក្រុមសភាជាតិជាស្រ្តី នៃប្រទេសទាំងពីរ ដែលជាសហប្រធាននៃវេទិកានេះ។ វេទិកាគ្រោងនឹងធ្វើឡើងនេះ គឺក្នុងគោលបំណងប្រមូលផ្តុំសមាជិកសភាជាស្រ្តី នៃប្រទេសទាំងពីរ ដើម្បីផ្លាស់បទពិសោធន៍ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសភាជាស្រ្តី នៃស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។
លោកស្រី តុង ធិហ្វុង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចការងារ បោះបង្គោលព្រំដែន បង្គោលខណ្ឌសីមារវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ ដែលបានជួយជំរុញ ដល់ស្ថាប័នពាក់ព័ន្ធ ឈានដល់ការចុះហត្ថលេខាលើឯកសារទទួលស្គាល់ការបោះបង្គោលព្រំដែន និងបង្គោលខណ្ឌសីមា។
ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានអញ្ជើញចូលរួមធ្វើជាអធិបតីភាព ជាមួយនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីចុះហត្ថលេខាលើកឯកសារទទួលស្គាល់ ការបោះបង្គោលព្រំដែន និងបង្គោលខណ្ឌសីមា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩៕