(ហុងគ្រី)៖ ក្នុងឱកាសអញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅទីក្រុងប៊ូដាប៉េស ប្រទេសហុងគ្រី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញចុះអនុស្សារណស្តីពី កិច្ចសហប្រតិបត្តិការពណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសហុងគ្រី ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា។
នៅក្នុងពិធីនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ការចះុហត្ថលេខានេះ ពិតជាមានសារសំខាន់ណាស់ ដែលចាត់ទុកជាប្រវត្តិសាសាស្រ្ត ដែលសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានចូលរួមចំណែកលើកកម្ពស់ពាណិជ្ជកម្មសេដ្ឋកិច្ច ទេសចរណ៍ វិនិយោគរវាងប្រទេសទាំងពីរ និងវិស័យជាច្រើនទៀត។
តាមរយៈការចុះកិច្ចព្រមព្រៀងថ្ងៃនេះ រំពឹងថានឹងជួយបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរថែមទៀត ខណៈដែលបច្ចុប្បន្នការធ្វើពាណិជ្ជកម្មនៅមានចំនួនតិចតួចនៅឡើយ ពោលគឺចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំពាក់កណ្តាលឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហុងគ្រី មានចំនួនជាង ១៦លានដុល្លារអាមេរិកប៉ុណ្ណោះ។ ក្នុងនោះកម្ពុជា នាំចេញទៅហុងគ្រីមានទឹកប្រាក់ ១៣លានដុល្លារអាមេរិក និងនាំចូលមានទឹកប្រាក់ជាង ៣លានដុល្លារអាមេរិក។
សូមជម្រាបដែរថា ពិធីចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងដំណើរទស្សកិច្ច និងកិច្ចប្រជ៉ំស្តីពីទឹករបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់សាធារណរដ្ឋហុងគ្រី បន្ទាប់ពីទស្សនកិច្ចនៅប្រទេសឆេករួច។
សូមរំលឹកថា ក្នុងឱកាសអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅទីក្រុងប្រាក ប្រទេសឆេក មុននឹងការអញ្ជើញដល់ប្រទេសហុងគ្រីនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជ៉ំពាណិជ្ជកម្ម និងចុះអនុស្សារណស្តីពី កិច្ចសហប្រតិបត្តិការពណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្ម នៃសាធារណរដ្ឋឆេក ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ការេល ហាវិលីខេក រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋឆេក។
នៅក្នុងពិធីដែលធ្វើឡើងក្នុងសាល នៃក្រសួងកាបរទេស នៃសាធារណរដ្ឋឆេក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា កិច្ចប្រជុំពាណិជ្ជកម្មកម្ពុជា ឆេក នាពេលនេះពិតជាមានសារសំខាន់ណាស់ ដែលចាត់ទុកជាប្រវត្តិសាសាស្រ្ត ដែលសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរបានចូលរួមចំណែកលើកកំពស់ពាណិជ្ជកម្មសេដ្ឋកិច្ច ទេសចរណ៍ វិនិយោគរវាងប្រទេសទាំងពីរ៕