(ព្រះវិហារ)៖ នៅព្រឹកថៃ្ងទី១៥ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះវិហារ បានដឹកនាំមន្រ្តីរាជការ តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និង ប្រជាពលរដ្ឋសរុប ២៨០នាក់ អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគំរប់ខួប ៧ឆ្នាំ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ បន្ទាប់ពីព្រះអង្គយាងចូលទិវង្គតនៅវេលាម៉ោង១៖២០នាទី យប់រំលងអាធ្រាត្រ (ម៉ោងនៅរាជធានីភ្នំពេញ) ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យក្នុងក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម ៩០ព្រះវស្សា ដោយព្រះជរាពាធ។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងថា ក្នុងនាមកូនចៅ ចៅទួត ប្រជានុរាស្រ្ត ចងចាំមិនអាចបំភ្លេចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ ជាប្រវត្តិសាស្រ្ត និងសូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះករុណា ព្រះបរមរតនកោដ្ឋ។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាបន្តដង្ហែរតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ក្នុងបុព្វហេតុកសាងសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជានុរាស្រ្ត និងថែរក្សាការពារព្រះមហាក្សត្រ ដើម្បីព្រះអង្គគង់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រទេសជាតិ ទាំងមូលតរៀងទៅ។ សូមព្រះអង្គយាងទៅសោយសុខ នៅឋានសួគ៌ា និងសូមឲ្យកម្ពុជាទទួលសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិរន្ត៍។
សូមបញ្ជាក់ថា នៅក្នុងពិធីនោះលោក ប្រាក់ សុវណ្ណ និងលោកឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ ប្រគេនសាដក និងបច្ច័យដល់ព្រះសង្ឃ ៩អង្គ និងបានរាប់បាត្រ ដើម្បីថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងចែកជូនថវិកាមួយចំនួនដល់យាយជីតាជីផងដែរ៕