(ភ្នំពេញ)៖ ជំងឺឈាមក្រកក គឺជាជំងឺដ៏កាចសហាវ វាបណ្តាលឱ្យជំងឺឈឺចាប់ខ្លាំង រហូតធ្លាក់ខ្លួនពិការ ឬស្លាប់ ហើយនៅកម្ពុជា ត្រូវបានប៉ាន់ស្មានថា មានអ្នកជំងឺនេះប្រហែលជាជាង ២ពាន់នាក់ ប៉ុន្តែគេទើបតែរកឃើញជាង ១០០នាក់ប៉ុណ្ណោះ ដូចនេះសូមបងប្អូន ដែលមានសាច់ញាតិ នៃជនដែលមានជំងឺឈាមក្រកក និងអ្នកទាំងឡាយណាដែលមានអការៈមួយចំនួន ដូចជា ពេលខ្លះហើម ជាំ រាងកាយ ដោយមិនដឹងមូលហេតុ និងឈឺចាប់ខ្លាំង មេត្តាទៅរកសេវាពិនិត្យ និងធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដើម្បីចៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជាធ្លាក់ខ្លួនពិការ ឬ អាចឈានដល់បាត់បង់ជីវិតជាដើម។
នេះជាការអំពាវនាវរបស់លោក សែម សុខបញ្ញា ប្រធានសមាគមអ្នកជំងឺឈាមក្រកកកម្ពុជា លើកឡើងនៅក្នុងឱកាសជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ក្នុងការថែទាំអ្នកជំងឺឈាមក្រកក ធ្វើឡើងនៅលើទូកបណ្តែតទឹកនៅតំបន់ទន្លេចតុមុខ រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ។
ជំងឺឈាមក្រកកឬ ជំងឺហេម៉ូហ្វីលា គឺជាប្រភេទជំងឺដ៏គ្រោះថ្នាក់បំផុតមួយ ដោយនៅពេលវាធ្វើទុក្ខ វាបណ្តាលឱ្យអ្នកជំងឺឈឺចាប់ យ៉ាងខ្លាំង ហើយប្រសិនបើសង្គ្រោះមិនទាន់ពេលវេលា ឬ មិនបានត្រឹមត្រូវទេនោះ អ្នកជំងឺអាចធ្លាក់ខ្លួនពិការ ឬ អាចឈឺចាប់រហូតដល់ស្លាប់ក៏មាន។ ពិភពលោកមិនទាន់មានថ្នាំព្យាបាលជំងឺដ៏កាចសហាវនេះនៅឡើយទេ ហើយនៅកម្ពុជា ថ្នាំទប់ទល់នឹងគ្រោះកាច នៃ ជំងឺនេះ នៅមានកម្រិត និង មានតម្លៃថ្លៃ។
បច្ចុប្បន្ននៅកម្ពុជា គេអាចធ្វើរោគវិនិច្ឆ័យជំងឺនេះ មានតែ៣កន្លែងប៉ុណ្ណោះ គឺមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និង វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ ហើយប្រសិនបើគេបានដឹងខ្លួនថា មានជំងឺនេះ គេអាចរកបានដំណោះស្រាយមានប្រសិទ្ធភាពមួយចំនួន ដើម្បី បញ្ចៀសនូវគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូចជាពិការភាព ការស្លាប់ និង អាចកាត់បន្ថយការឈឺចាប់ជាដើម៕