(ភ្នំពេញ)៖ ជនសង្ស័យម្នាក់បានលួចម៉ូតូ PCX១គ្រឿង របស់ប្រជាពលរដ្ឋបានសម្រេច តែខណៈជនសង្ស័យកំពុងបណ្តើរម៉ូតូរួចទៅសម្ងំដោះដូរគ្រឿងបន្លាស់ នៅក្នុងសាលាបឋមសិក្សាជម្ពូវ័ន ស្រាប់តែត្រូវប្រជាពលរដ្ឋប្រទះឃើញ មានការសង្ស័យទើបរាយការណ៍ជូននគរបាលតែម្តង។
ភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់ទីតាំង ខណៈនោះជនសង្ស័យបានឃើញនគរបាល ក៏ខំប្រឹងព្យាយាមរត់បានរត់គេចខ្លួន ចូលទៅក្នុងទឹកបឹងវាលស្រែខាងក្រោយសាលា ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ រួមជាមួយកម្លាំងប្រជាការពារចាប់ខ្លួនបានភ្លាមៗ។
ហេតុការណ៍ខាងលើនោះ បានកើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចខាងក្រោយសាលាបឋមសិក្សារជម្ពូវ័ន្ត ភូមិជម្ពូវ័ន្ត១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើនោះឈ្មោះ សុខ ណាង អាយុ៣០ឆ្នាំ មុខរបរកម្មករលើកកាតុង ស្នាក់នៅមិនពិតប្រាកដ ចំណែកម៉ូតូដែលជនសង្ស័យខាងលើ លួចបាននោះម៉ាងហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FK-2416 ហើយពុំទាន់រកម្ចាស់ឃើញនៅឡើយទេ។
មន្ត្រីនគរបាល បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេបានឃើញជនសង្ស័យខាងលើអូសម៉ូតូ១គ្រឿងនោះ ចូលទៅសម្ងំដោះដូរគ្រឿងនៅក្នុងសាលាបឋមសិក្សាជម្ពូវ័ន។ ពេលនោះ ដោយមានការសង្ស័យ ពួកគាត់ក៏បានរាយការណ៍ជូននគរបាលឲ្យចុះទៅដើម្បីសួរនាំ ប៉ុន្តែគ្រាន់តែឃើញកម្លាំងចុះទៅដល់ ស្រាប់តែជនសង្ស័យរូបនោះរត់គេចខ្លួនទៅវាលស្រែ ហើយក៏ត្រូវបានកម្លាំងនគរបាលរួមជាមួយប្រជាការពារ និងពួកគាត់ដេញតាមចាប់បាននាំទៅសាកសួរនៅប៉ុស្តិ៍។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យបាននិយាយថា ខ្លួនបានលួចម៉ូតូនោះនៅតាមដងមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិចែងម៉ែងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ លុះលួចបានជិះអត់កើតក៏អូរដើរចូលទៅក្នុងសាលាខាងលើ ហើយក៏ត្រូវនគរបាលដេញតាមចាប់ខ្លួនបានតែម្ដង៕