(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះយុវជនពីររូបដែលបានព្រមព្រៀងទៅបម្រើការងារជាអ្នកបង្កាត់ពូជផ្កា តែដល់ថ្ងៃកំណត់បែរជាបដិសេធមិនគោរពទៅការសន្យាការងារទៅវិញ។

លោកបណ្ឌិត សុខ ទូច បានលើកឡើងថា តាមរយៈកាយវិការមិនទទួលខុសត្រូវរបស់យុវជនពីររូបនេះធ្វើឱ្យលោកភ្លឺភ្នែក ហើយក៏មានការបារម្ភពីបញ្ហារបស់យុវជនដែលជាសសរទ្រូងរបស់កម្ពុជានាពេលថ្ងៃអនាគតផងដែរ។

ជាមួយការបង្ហោះសារខកចិត្តចំពោះទង្វើឆ្គាំឆ្គងរបស់យុវជនទាំងពីរនាក់នេះទៅ លោកបណ្ឌិត សុខ ទូច ក៏បានបង្ហាញនូវការកត់សម្គាល់មួយចំនួនចំពោះឥរិយាបថយុវជនមួយចំនួនតាមរយៈបទម្ភាសរបស់លោកផងដែរ។

តាមរយៈបទសម្ភាសនេះនាំឱ្យរូបលោកកត់សម្គាល់ថា យុវជនមួយចំនួន សម្បូរទ្រឹស្ដី, ចង់បានប្រាក់ខែខ្ពស់ ឬក្របខណ្ឌរដ្ឋតែម្តង, សន្យាតែមិនគោរព, គ្មានបទពិសោធន៍, មិនមានការអនុវត្តន៍ទៅលើទ្រឹស្តី ពេលនេះយុវជនភាគច្រើនមានតែសញ្ញាបត្រ, ចង់បានកន្លែងល្អហើយស្រួល និងចូលចិត្តវាយតម្លៃតែគ្មានអ្វីជារបស់ខ្លួន៕