(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញផ្លែចេក១១ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ចិន និងជប៉ុន។ នេះបើតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
លោកឧកញ៉ា ហ៊ុន ឡាក់ នាយកគ្រប់គ្រងក្រុមហ៊ុន ឡងមេត អេហ្គ្រីខលឈ័រ ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការដាំ និងនាំចេញចេកអំបូងលឿង បានគូសបញ្ជាក់ថា ការដាំដំណាំចេកនៅកម្ពុជា នឹងកាន់តែរីកធំធាត់ នៅប៉ុន្មានឆ្នាំខាងមុខ ដែលធ្វើឲ្យកំណើននាំចេញ ទទួលបានប្រាក់ចំណូលច្រើនជាងការនាំចេញអង្ករ។
ការគូសបញ្ជាក់យ៉ាងដូច្នេះ ស្របពេលដែលដាំណាំចេកកម្ពុជា កំពុងតែមានទីផ្សារនៅក្រៅប្រទេស ដូចជាទីផ្សារនៅប្រទេសចិនជាដើម ខណៈដែលបច្ចុប្បន្នប្រជាជនចិន កំពុងតែមានការគាំទ្រយ៉ាងខ្លាំងលើផ្លែចេករបស់កម្ពុជា ហើយប្រទេសចិន ក៏មិនបានកំណត់កូតា នាំចេញចេករបស់កម្ពុជាផងដែរ។
លោកឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់ថា «ការដាំដំណាំចេក បានរីកធំចាប់ពីដើមឆ្នាំ២០១៩។ ប្រមាណឆ្នាំខាងមុខ នឹងមានការកំណើននាំចេញ ដែលមានចំណូលច្រើនជាងអង្ករ សម្រាប់ចំណូលសេដ្ឋកិច្ចជាតិ...កាលណាកំណើននៃដាំដុះកសិកម្ម សមស្របទៅនឹងទីផ្សារ ដែលកំពុងមានតម្រូវការ វានឹងទាក់ទាញអ្នកវិនិយោគ ចូលមកវិស័យកសិកម្មនៅកម្ពុជា កាន់តែច្រើន»។
ទោះបីការនាំចេករបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស បានល្អប្រសើរក៏ដោយ ឧកញ៉ា ហ៊ុន ឡាក់ បានប្រាប់អំពីឧបសគ្គមួយចំនួនផងដែរ ដោយក្នុងនោះទូកកុងទឺន័រនៅកំពង់ផែរបស់កម្ពុជា នៅមានការខ្វះខារ ព្រោះថា ផ្លែចេកត្រូវការទូកកុងទឺន័រ ដែលមានម៉ាស៊ីនត្រជាក់ ដើម្បីរក្សាគុណភាពផ្លែចេក។
លោកឧកញ៉ា ហ៊ុន ឡាក់ បានបន្ដទៀតថា ចំពោះទីតាំងកំពង់ផែរបស់កម្ពុជា ក៏នៅមានការខ្វះខាតច្រើន ដែលតម្រូវឲ្យមានការអភិវឌ្ឍបន្ថែម ដែលត្រង់បញ្ហានេះ លោកឧកញ៉ាក៏បានធ្វើការពិភាក្សា ជាមួយខាងកំពង់ផែផងដែរ ដើម្បីធ្វើការដោះស្រាយ ខណៈដែលការនាំចេញចេករបស់កម្ពុជាមួយចំនួន ត្រូវដឹកតាមរថយន្តឆ្លងកាត់តាមប្រទេសវៀតណាម ដើម្បីបន្ដទៅកាន់ប្រទេសចិន។
គូសបញ្ជាក់ថា ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯ.ក ជាក្រុមហ៊ុនដាំចេកទំនើប និងធំជាងគេនៅកម្ពុជា ដែលវិនិយោគ៣២លានដុល្លារ ដាំដុះលើផ្ទៃដីជាង១ពាន់ហិកតា ក្នុងខេត្តកំពត និងបាននាំចេញផ្លែចេកអំបូងលឿង ទៅកាន់ទីផ្សារប្រទេសចិន កាលពីដើមឆ្នាំ២០១៩៕