(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារ ជាមួយលោកឧត្តមសេនីយ៍ឯក គីម ជុងស៊ូ មេបញ្ជាការ បញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ នៅទីបញ្ជាការកងទ័ពជើងគោក រាជធានីភ្នំពេញ។
នៅក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះគណៈប្រតិភូកងទ័ព សាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសបានមកចូលរួមអបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោកកម្ពុជា និងបានអញ្ជើញមកកាន់ទីបញ្ជាការកងទ័ពជើងគោក ផងដែរ។
ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណ ចំពោះកងទ័ព នៃសាធារណរដ្ឋកូរ៉េ ដែលជានិច្ចកាលតែងតែបានគាំទ្រ និងផ្តល់ជំនួយសហប្រតិបត្តិការជាច្រើន ដល់កងយោធពលខេមរភូមិន្ទ ទាំងសម្ភារ បរិក្ខា ជំនាញ បចេ្ចកទេស និងការចែករំលែកនូវបទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាព និងការបណ្តុះ បណ្តាលធនធានមនុស្សក្នុងកងទ័ព សំដៅបម្រើដល់ផលប្រយោជន៍រួម នោះគឺសុខសន្តិភាព និងស្ថិរភាពតំបន់។
នៅក្នុងជំនួបសម្តែងការគួរសមនោះ លោកឧត្តមសេនីយ៍ឯក គីម ជុងស៊ូ បានថ្លែងអំណរគុណចំពោះមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលបានអនុញ្ញាតទទួលជួបស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូកងទ័ព នៃសាធារណរដ្ឋកូរ៉េ។
ក្នុងនាមប្រធានគណៈប្រតិភូ សូមវាយតម្លៃខ្ពស់ និងកោតសរសើរអំពីវឌ្ឍនភាពរីកចម្រើនរបស់កម្ពុជា ក្នុងនោះវិស័យការពារជាតិ ក៏មានភាពរីកលូតលាស់។ ជាក់ស្តែងទិដ្ឋភាពក្នុងឱកាសដែលគណៈប្រតិភូបានចូលរួមពិធីខួបលើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ៧០។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៨ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សារណៈរួមគ្នាមួយ ដើម្បីបង្កើតទំនាក់ទំនងលើវិស័យការពារជាតិ ដែលនឹងផ្តល់ឱកាសដល់អង្គភាពយោធានៃប្រទេសទាំងពីរ អាចធ្វើសហប្រតិបត្តិការជាមួយគ្នា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សំដៅរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ចុងបញ្ចប់នៃជំនួបពិភាក្សានៃថ្នាក់ដឹកនាំកងទ័ព នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង៕