(សៀមរាប)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាមួយទៀត បង្គាប់ឲ្យចាប់ខ្លួនលោក ជិន សុខង៉េង អតីតចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប នៃអតីតគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារខុសច្បាប់ ដែលរៀបចំដោយ ទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប។
ជនត្រូវចោទ ជិន សុខង៉េង ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ ១២២៣ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ពីបទរួមគំនិតក្បត់ ដោយយោងតាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងអង្គហេតុនៃ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជនសម រង្ស៉ី» ដោយមានការអំពាវនាវ និងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ។ នេះបើតាមសេចក្តីប្រកាស។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ជូនថា ដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន៕