(ភ្នំពេញ)៖ លោកស្រី ញាណ សុចិត្រា អគ្គនាយកក្រសួងកិច្ចការនារី បានថ្លែងឲ្យដឹងថា បច្ចុប្បន្នស្រ្ដីបាននិងកំពុងបម្រើការងារក្នុងវិស័យរដ្ឋ មានការកើនឡើងគួរឲ្យកត់សំគាល់ ហើយស្រ្ដីក៏បានកាន់មុខតំណែងធំៗ ក្នុងជួររាជរដ្ឋាភិបាលផងដែរ។
លោកស្រី ញាណ សុចិត្រា បានអះអាងថា ចាប់តាំងពីឆ្នាំ១៩៩៤រហូតដល់ពេលនេះ ចំនួនស្រ្ដីដែលបានចូលរួម ក្នុងការធ្វើសេចក្ដីសម្រេច មានការកើនឡើងគួរឲ្យកត់សំគាល់ ដោយក្នុងនោះស្រ្ដីចូលរួមក្នុងអង្គនីតិបញ្ញត្តិ ក្នុងឆ្នាំ១៩៩៣ មានតែ៧រូបប៉ុណ្ណោះ ក្នុងចំណោម១២៨កៅអី តែបើក្រឡែកមកមើលពេលបច្ចុប្បន្នវិញ ការបោះឆ្នោតនៅក្នុងឆ្នាំ២០១៨ មានស្រ្ដីចំនួន២៥រូប ក្នុងចំណោម១២៥កៅអី នេះសញ្ជាក់ថា ស្រ្ដីមានសមាសភាពប្រមាណ២០% ក្នុងតំណែងអង្គនីតិបញ្ញត្តិ។
ការលើកឡើងបែបនេះ របស់លោកស្រី ញាណ សុចិត្រា ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញចូលរួមក្នុងកម្មវិធី កិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន អំពីវឌ្ឍនភាពនៃសន្និសីទអន្ដរជាតិ ស្ដីពីប្រជាជន និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមក្នុង លោក ជា ចាន់ទុំ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍន៍ក្រសួងផែនការ, លោកស្រីសាស្រ្ដាចារ្យ ទុង រដ្ឋាវី នាយិកាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកក្រសួងសុខាភិបាល ព្រមទាំងអ្នកព័ត៌មានជាច្រើនរូបផងដែរ។
លោកស្រី ញាណ សុចិត្រា បានបន្ដថា សម្រាប់ព្រឹទ្ធសភាព ក្នុងឆ្នាំ១៩៩៩មានស្រ្ដី៩រូប ក្នុងចំណោម៦១រូបស្មើនឹង១៤.៧៥% ហើយចូលមកដល់ក្នុងឆ្នាំ២០១៧ នៃការបោះឆ្នោតចុងក្រោយ ឃើញថាមានស្រ្ដីចំនួន១២រូប ក្នុងចំណោម៦២រូបស្មើ១៩.៣៥%។ ដោយឡែកក្នុងអង្គនីតិប្រតិបត្តិវិញ បើធៀបនឹងឆ្នាំ១៩៩៣មកឆ្នាំ២០១៨វិញមានស្រ្ដីជារដ្ឋមន្រ្ដីចំនួន៣រួមមាន៖ រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី និងរដ្ឋមន្រ្ដីក្រសួងវប្បធម៌,។
លោកស្រីបញ្ជាក់ថា បើនៅក្នុងតំណែងរដ្ឋលេខាធិកា មានស្រ្ដីចំនួន៤៥រូបស្មើ១៥.៨៣%, អនុរដ្ឋលេខាធិការមានចំនួន៦៩រូបស្មើមនឹង៦៥.៣៣% ដោយឡែកនៅក្នុងប្រព័ន្ធតុលាការវិញ ក៏មានចំនួនស្រ្ដីកើនឡើងផងដែរ។
លោកស្រីបង្ហាញទៀតថា ចំណែកស្រ្ដីឈរក្នុងមុខតំណែងថ្នាក់ក្រោមជាតិ មានអភិបាលខេត្តជាស្រ្ដី១រូប ដោយកាន់ជាអភិបាលខេត្តកោះកុង នៅក្នុងឆ្នាំ២០១៨ ដែលកន្លងមកយើងមិនមាននោះឡើយ។
លោកស្រី សឿន សុជាតា ជាស្រ្ដីមួយរូបតំណាងក្រសួងអប់រំ បានថ្លែងឲ្យដឹងថា ក្រសួងអប់រំបានយកចិត្តទុកដាក់ លើការធានាឲ្យបាននូវសមភាពយេនឌ័រ, ធានាបានសុខភាពបន្ដពូជ ដោយផ្ដោតសំខាន់លើស្រ្ដី និងក្មេងស្រី។
លោកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះវិស័យគ្រូបង្រៀនមតេយ្យសិក្សា ក៏មានបុរសដែរ តែស្ថិតក្នុងកម្រិតទាប ចំពោះគ្រូបឋមសិក្សាមានពាក់កណ្ដាល៥០% គឺគ្រូស្រីច្រើនជាងគ្រូជាបុរសបន្ដិចបន្ដួច ប៉ុន្ដែសម្រាប់គ្រូមធ្យមសិក្សាបឋមភូមិមានជាង៤០%, សម្រាប់គ្រូក្នុងមធ្យមសិក្សាទុតិយភូមិ មានជាង៣០% ទាំងនេះជាកំណើន និងភាពអង់អាចរបស់ស្រ្ដីលើវិស័យអប់រំ៕