(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅបរិវេណសាលាខេត្តស្វាយរៀង បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយព្រះរាជកុសលដ៏ថ្លៃថ្លាជូន ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់៧ឆ្នាំ។

ពិធីនេះបានប្រព្រឹត្ត ទៅដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានដឹកនាំមន្រ្តីរាជការ អង្គភាពជុំវិញខេត្ត ព្រមទាំងសមាជិក សមាជិកា ក្រុមប្រឹក្សខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ អង្គភាព ជុំវិញខេត្ត សិស្សនិស្សិតសរុបចំនួន៥០០នាក់។

ពិធីនេះ ក៏មានការនិមន្តព្រះសង្ឃស្វាធ្យាយជយន្តោ និងសូត្រពុទ្ធជ័យមង្គល និងថ្នាក់ដឹកនាំខេត្តព្រមទាំងសមាជិកអង្គពិធីទាំងមូល បានថ្វាយក្រងផ្កាអុជទៀនធូប មានការស្មឹងស្មាតគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយព្រះរាជកុសលព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានអាននូវព្រះរាជជីវប្រវត្តិសង្ខេបព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះអង្គប្រសូត្រ នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ ព្រះអង្គបានបំពេញ ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យបានទាំងស្រុងពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣ បន្ទាប់មកព្រះអង្គជាព្រះប្រមុខរដ្ឋ ព្រះអង្គមានស្នាមព្រហស្ថ ធំធេង ឧត្តុងឧត្តម កសាងអភិវឌ្ឍន៍ ប្រទេសជាតិ មានការរីកចម្រើនគួរឱ្យកត់សំគាល់។

សមិទ្ធផលទាំងនោះរួមមាន៖ សកលវិទ្យាល័យ មហាវិទ្យាល័យ ជាច្រើនជំនាញ ស្ថានីយទូរទស្សន៍ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រោងចក្រចម្រាញ់ប្រេងកាត រោងចក្រស្រាបៀរ រោងចក្រតំឡើងត្រាក់ទ័រ និងរថយន្តធំ រោងចក្រស្កស រោងចក្រវាយនភ័ណ្ឌ រោងចក្រក្រចៅ រោងចក្រស៊ីម៉ង់ រោងចក្រកែវ រោងចក្រក្តាបន្ទះ រោងចក្រក្រដាស់ រោងចក្រជី រោងចក្រកង់ឡាន រោងចក្រត្រីខប្រអប់ រោងចក្រផលិតជ័រកៅស៊ូ រោងចក្រវារីអគ្គិសនី និងសមិទ្ធិផលច្រើនទៀតនៅតាមបណ្តាខេត្ត ស្រុក មានសាលារៀន មន្ទីរពេទ្យ ទំនប់ប្រឡាយ ស្ពានថ្នល់ជាដើម។ ព្រះអង្គបានទទួលរងគ្រោះដោយរដ្ឋប្រហារមិនស្របច្បាប់មួយនៅភ្នំពេញ គឺជារដ្ឋប្រហារយោធាដែលមាន លន់ នល់ ជាមេក្លោង នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ១៩៧០។

ព្រះអង្គបានធ្វើព្រះរាជមាតុភូមិនិវត្តន៍មកកាន់រាជធានីភ្នំពេញ វិញនៅថ្ងៃអង្គារ ទី១៤ ខែវិឆ្ឆិកា ឆ្នាំ១៩៩១ ព្រះអង្គបានគង់ជាម្លប់សម្រាប់ប្រជារាស្រ្ត រហូតដល់ព្រះអង្គយាងចូលព្រះទីវង្គត នៅវេលាម៉ោង០១៖២០នាទី យប់រំលងអាធ្រាត ម៉ោងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យមួយក្នុងក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សា ដោយព្រះជរាពាធ។

លោកអភិបាលខេត្ត ព្រមទាំងអ្នកចូលរួមក៏បានប្រគេនសាដក និងបច្ច័យដល់ព្រះសង្ឃ៩អង្គ ដើម្បីថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាសម្តេចព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋ៕