(ក្រចេះ)៖ ដើម្បីធានាសុខភាពប្រជាពលរដ្ឋ ជាអ្នកទទួលទាន, មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តក្រចេះ ដឹកនាំដោយលោក យាង បាក អនុប្រធានសាខា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះអង្កេត និងរកមើលមុខទំនិញដែលមានហានិភ័យ លើសុវត្តិភាពម្ហូបអាហារប្រចាំថ្ងៃ ដោយធ្វើតេស្តមុខម្ហូបជាច្រើនមុខ និងបានរកឃើញ ភេសជ្ជៈមួយចំនួននៅតាមផ្ទះល្វែង ហួសសុពលភាពប្រើប្រាស់ ត្រូវបានដក់ហូតបំផ្លាញចោល នៅផ្សារឆ្លូង និងតាមផ្ទះល្វែង ស្រុកឆ្លូង ខេត្តក្រចេះ។
លោក យាង បាក បានឲ្យដឹងថា កាចុះអង្កេត និងរកមើលមុខទំនិញដែលមានហានិភ័យ នៅព្រឹកនេះ មន្រ្តីបានធ្វើតេស្តទៅលើត្រសក់ចាវ ផ្អក ប្រហុក សាច់ក្រក ស្ករត្នោត ជ្រក់ស្ពៃ និងមុខម្ហូបអាហារជាច្រើនមុខទៀត។ ក្រោយពីធ្វើតេស្តបឋមរកមិនឃើញសារធាតុគីមីមហាមឃាត់នោះទេ តែបានរកឃើញភេសជ្ជៈហួសកាលបរិច្ឆេទ នៅតាមផ្ទះល្វែងរួមមាន៖ នុំស្រួយ ចំនួន៧កញ្ចប់ ទឹកក្រូច ទឹកផ្លែឈើ និងស្ករដូងចំនួន២កញ្ចប់ ត្រូវបានដកហូតយកទៅបំផ្លាញចោល។
គួររម្លឹកថា ការចុះត្រួតពិនិត្យនេះមន្ត្រីកាំកុងត្រូល ក៏បានចែកជូនផ្ទាំងរូបភាពផ្សព្វផ្សាយអប់រំ សុខភាព សុវត្ថិភាពចំណីអាហារ មុខទំទិញដែលហាមឃាត់ ហួសកាលបរិច្ឆេទ ដូចជា កំប៉ុងកំពិត កំប៉ុងច្រេះ និងផ្សព្វផ្សាយជួនដល់មហាជន ដើម្បីជ្រាប់ងាយស្រួលជ្រើសរើសផលិតផលម្ហូបអាហារណា ដែលមានគុណភាពសុវត្ថិភាព ការពារសុខភាព ចៀសវាងបរិភោគអាហារដែលមាន សារធាតុគីមី ពុលនាំឱ្យខាតបង់សុខភាព លុយកាក់ក្នុងគ្រួសារ។
លោកសូមអំពាវនាវដល់បងប្អូនអាជីវករ ទាំងអស់ដើម្បីឆ្ពោះទៅរកចំណីអាហារ ប្រកបដោយសុវត្ថិភាព ត្រូវមានការចូលរួមពីយើងទាំងអស់គ្នា ពោលគឺអ្នកផលលិត អ្នកចែកចាយ អ្នកទិញ អ្នកប្រើប្រាស់ រួមទាំងសមត្ថកិច្ចផងដែរ មុននឹងយកផលិតផលមកដាក់តាំងលក់ត្រូវចេះ មើលកាបរិច្ឆេទឲ្យបានត្រឹមត្រូវ កុំយកមុខទំនិញខូចគុណភាពមកដាក់តាំងលក់ ធ្វើប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ ព្រោះសុខភាពសំខាន់ណាស់ ហើយខុសច្បាប់ថែមទៀត ហើយលោកនៅតែបន្ដដឹកនាំមន្រ្តីរបស់ចុះត្រួតពិនិត្យជាបន្តបន្ទាប់ដើម្បីសុខភាពរបស់ប្អូនប្រជាពលរដ្ឋ៕