(ភ្នំពេញ)៖ ក្នុងសម័យកាលនៃសតវត្សទី២១នេះ ឬហៅជាភាសាទំនើបថា បដិវត្តន៍ឧស្សាហកម្ម ៤.០ ប្រព័ន្ធអប់រំទាំងឡាយ ទាំងវិស័យឯកជន និងវិស័យរដ្ឋ សុទ្ធតែត្រូវបានធ្វើកំណែទម្រង់ ជាលក្ខណៈសកល ដើម្បីឲ្យគុណភាពបណ្តុះបណ្តាលធនធានមនុស្ស ដើរទាន់សភាពការណ៍ជឿនលឿន នៃវិទ្យាសាស្ត្រដ៏អស្ចារ្យ។
ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាលើពិភពលោក សុទ្ធតែបានធ្វើបច្ចុប្បន្នភាពកម្មវិធីអប់រំ និងទំនើបកម្មនៃកម្មវិធីសិក្សាររបស់ខ្លួន យ៉ាងពេញទំហឹងផងដែរ។ ក្នុងការធ្វើកំណែទម្រង់ ឲ្យស្របតាមបរិបទថ្មីមួយនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡានៅកម្ពុជាយើងដាក់ឈ្មោះថា សាលារៀនជំនាន់ថ្មី ដែលកំពុងតែត្រូវបានដាក់ឲ្យប្រើប្រាស់សព្វថ្ងៃ។
ជាមួយនឹងការវិវត្តឥតឈប់ឈរ និងថ្មីៗជាច្រើននេះ បើនិយាយពីប្រព័ន្ធអប់រំ គឺគេផ្តោតទៅលើពាក្យថា ជំនាញសតវត្សទី២១ ឬភាសាអង់គ្លេសហៅថា 21st-Century Skills ដែលមានមែកធាងចំនួន១៦។ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដែលជាក្រុមហ៊ុនអប់រំឯកជន បានបញ្ចូលកម្មវិធីបង្រៀនរបស់ខ្លួន ឲ្យស្របតាមជំនាញមែកធាងទាំង ១៦នេះ។
ជំនាញសតវត្សទី២១ ឬភាសាអង់គ្លេសហៅថា 21st-Century Skills រួមមាន៖
*មូលដ្ឋានគ្រឹះអក្ខរកម្ម៖ ១. អក្ខរកម្ម, ២. ចេះគិតផ្នែកគណិតវិទ្យា, ៣. វិទ្យសាស្រ្តព័ត៌មានវិទ្យា, ៥. ចំណេះដឹងផ្នែកហិរញ្ញវត្ថុ, ៦. ចំណេះដឹងផ្នែកវប្បធម៌ និងសង្គម
*សមត្ថភាព៖ ៧. ជំនាញគិតបែបស៉ីជម្រៅ និងដោះស្រាយបញ្ហា, ៨. ជំនាញគំនិតច្នៃប្រឌិត, ៩. ជំនាញទំនាក់ទំនង, ១០. ជំនាញសហការជាក្រុម
*បុគ្គលិកលក្ខណ៖ ១១. ការចង់ដឹងចង់ឃើញ, ១២. ផ្តួចផ្តើមជំនិត. ១៣. ការតស៊ូ អត់ធ្មត, ១៤. ចេះសម្របសម្រួល, ១៥. ភាពជាអ្នកដឹកនាំ, ១៦. ការយល់ដឹងពីសង្គម និងវប្បធម៌។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានអះអាងថា គ្រឹះស្ថានអប់រំរបស់លោក តែងតែព្យាយាមធ្វើយ៉ាងណា ឲ្យសិស្សដែលរៀននៅទីនេះ មានសមត្ថភាពច្បាស់លាស់ ដើរទាន់សម័យកាលរបស់ពិភពលោក។ លោកថ្លែងបន្ថែមថា ការអប់រំបែបបដិវត្តន៍ឧស្សាហកម្ម ៤.០ ត្រូវបានដាក់បញ្ជូលទាំងអស់ នៅក្នុងវេសឡាញ អេឌ្យូខេសិន គ្រុប។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការពិតសាលាវេសឡាញយើង ជួយគាំទ្រដល់ជំនាញសតវត្សទី២១ ដែលមានបំណិនជីវិតទាំង១៦ មានទាំងអស់តែម្តង។ ឧទាហរណ៍ ដូចជាករណី អក្ខរកម្ម, ចេះគិតផ្នែកគណិតវិទ្យា, វិទ្យាសាស្រ្តព័ត៌មានវិទ្យាជាដើម សុទ្ធតែយើងមានបង្ហាត់ យើងព្យាយាមបង្កើត ក្លឹបអ្នកវិទ្យាសាស្ត្រវ័យក្មេង ជាមួយខាងក្រុមហ៊ុន Koompi»។
លោកបន្ថែមថា «ឧទាហរណ៍ ចំណុចទី៥ របស់ជំនាញសត្សវត្សទី២១ គឺចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ យើងជាសាលាតែមួយគត់ ដែលដាក់កម្មវិធីសិក្សា Money Tree ពេញតែម្តង គឺដាក់កម្មវិធីនេះ ឲ្យប្រើប្រាស់ពេញលេញ»។
លោក ប៉ិច បូឡែន បានឲ្យដឹងទៀតថា បើនិយាយពីជំនាញគិតបែបស៉ីជម្រៅ និងដោះស្រាយបញ្ហា, ជំនាញគំនិតច្នៃប្រឌិត សាលារបស់លោកមានកម្មវិធី Prits ដែលនាំចូលពីប្រទេសម៉ាឡេស៉ី។ កម្មវិធីនេះ ជួយឱ្យសិស្សានុសិស្ស កាន់តែមានគំនិតច្នៃប្រឌិតឡើង។
លោកបញ្ជាក់បន្តថា «អញ្ចឹងកម្មវិធីមួយៗ យើងមានង្រៀន ដូចជាជំនាញទំនាក់ទំនង, ជំនាញសហការជាក្រុមការចង់ដឹងចង់ឃើញ, ផ្តួចផ្តើមជំនិត, ការតស៊ូ អត់ធ្មត់, ចេះសម្របសម្រួល, ភាពជាអ្នកដឹកនាំ, ការយល់ដឹងពីសង្គម និងវប្បធម៌ជាដើម»។
ដើម្បីឲ្យកាន់តែមានទំនុកចិត្តទៅលើគ្រឹះស្ថានអប់រំរបស់ខ្លួន លោក ប៉ិច បូឡែន បានទិញយកអាជ្ញាបណ្ណដ៏ល្បីមួយ របស់សហរដ្ឋអាមេរិក គឺទម្លាប់៧យ៉ាង ឬ 7 Habits។ លោកអះអាងថា គ្រាន់តែកម្មវិធីទម្លាប់៧យ៉ាងនេះ វាបានជួយគាំទ្រចំណុចទាំង១៦ របស់ជំនាញសតវត្សទី២១ រួចស្រេចទៅហើយ។
លោកថ្លែងថា «យើងមានទម្លាប់៧យ៉ាងហើយ។ ទម្លាប់៧យ៉ាង គឺជារបស់អាមេរិក ដែលយើងទិញមក ហើយក៏ជាតំណាងចែកចាញមួយនៅស្រុកខ្មែរដែរ។ គ្រាន់តែទម្លាប់៧យ៉ាងនេះមួយ វាជួយបានជំនាញជាច្រើន ទាំងចំណុច១៦ នៅក្នុងជំនាញសត្សវត្សទី២១ ទៅហើយ»។
លោកអគ្គនាយកក្រុមហ៊ុន បានពន្យល់ថា កម្មវិធីល្អជាច្រើន ដែលលោកដាក់នៅក្នុងជំនាញ បំណិនសតវត្សទី២១នេះ បើគេមើលទៅលើមែកធាងទាំង១៦ របស់វាហើយយកមកផ្គូរផ្គងគ្នា គឺមានគ្រប់យ៉ាង។ ចំណុចទាំងអស់នេះ គេអាចបង្ហាញថា វេសឡាញ អេឌ្យូខេសិន គ្រុប អនុវត្តន៍ពេញលេញ ទៅលើជំនាញបំណិនសម្រាប់សតវត្សទី២១នេះ៕