(ព្រះវិហារ)៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ បានបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថដល់នាយ នាយរងអាវុធហត្ថខេត្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៩។
ពិធីនេះធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជការរងមូលដ្ឋានអាវុធហត្ថតាមក្រុង ស្រុក ស្នាក់ការសន្តិសុខជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងថា វគ្គហ្វឹកហ្វឺននេះ មានគោលបំណងលើកកម្ពស់សមត្ថភាពយល់ដឹងបន្ថែមនូវចំណេះដឹងរបស់នាយ នាយរងអាវុធហត្ថ អំពីគោលបំណង និងសំណូមពរលើខ្លឹមសារមេរៀននីមួយៗ ធ្វើឱ្យសិក្ខាកាមយល់ដឹងពីតួនាទី ភារកិច្ច លើការបំពេញបេសកកម្ម ទាំងចំណេះដឹង និងចំណេះធ្វើលើមុខវិជ្ជាយោធា ពិសេសមានស្មារតីទទួលខុសត្រូវមានវិន័យ សីលធម៌ និងគុណធម៌ មានមនសិការការងារ និងអត្តចរិកស្លូតត្រង់។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏បានសំណូមពរផងដែរ ដល់គ្រូបង្រៀន ត្រូវធ្វើឱ្យសិក្ខាកាមទាំងអស់ ស្វែងយល់អំពីគោលគំនិត វគ្គបំប៉ននេះ ឱ្យបានច្បាស់លាស់ និងមានការភ្ញាក់រលឹកមានការចូលរួមឱ្យបានសស្រាក់សស្រាំ សិក្ខាកាមត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យឱ្យបានម៉ឹងម៉ាត់ និងបទពិសោធន៍ក្រោយបញ្ចប់វគ្គ ដើម្បីទៅបំពេញភារកិច្ចជាក់ស្តែងរបស់ខ្លួនទទួលបានលទ្ធផលល្អ។
ជាមួយគ្នានេះដែរ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានជំរុញឱ្យមន្ត្រីអាវុធហត្ថទាំងអស់ អនុវត្តន៍បទបញ្ជា របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យមានប្រសិទ្ធិភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ៕