(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំមន្រ្តីរាជការមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរី ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិព្រះបរមរតនកោដ្ឋ ក្នុងខួប៧ឆ្នាំ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរបានយាងសោយទិវង្គត ចាកចោលប្រជារាស្រ្ត និងដែនដីជាទីស្នេហារបស់ព្រះអង្គ ហើយក៏ជាថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។
សូមជម្រាបថា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានប្រសូត្រនៅថ្ងៃ១១កើត ខែកក្កិក ឆ្នាំច ចត្វាស័កព.ស២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ហើយព្រះអង្គយាងសោយព្រះទិវង្គត នៅវេលាម៉ោង១ ៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ខែ តុលា ឆ្នាំ២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំងប្រទេសចិន។
សម្តេចព្រះ នរោត្តម សីហនុ គឺជាឥស្សរៈជនលេចធ្លោបំផុតក្នុងឆាកនយោបាយកម្ពុជា ក្នុងរយៈកាលប្រមាណជា៧ទសវត្សរ៍កន្លងទៅ។ ព្រះអង្គឡើងគ្រងរាជបល្ល័ង្ក ជាព្រះមហាក្សត្រខ្មែររហូតដល់ទៅ២លើក ហើយបានដាក់រាជ្យ២លើក សម្តេចព្រះ នរោត្តម សីហនុ គឺជាតួអង្គនិងជាសាក្សីដ៏ចម្បងបំផុតនៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើប រាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំងសម័យរុងរឿង ក្រោយឯករាជ្យទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាពការផ្សៈផ្សារជាតិ និងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងទសវត្សរ៍ទី៩០។
ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះបរមរតនកោដ្ឋ និងសូមក្រាបថ្វាយព្រះពរដល់ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គបានយាងទៅសោយសុខនៅឋានសួគ៌ាកុំបីឃ្លៀងឃ្លាតឡើយ៕