(ភ្នំពេញ)៖ ក្រុមហ៊ុន ING Holdings Co., Ltd គ្រោងនឹងបើកលំហរមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) តភ្ជាប់មកផ្លូវ២៧១ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅចុងឆ្នាំ២០១៩នេះ ខណៈដែលមហាវិធីនេះ មានលក្ខណៈរួមតូចចង្អៀត នៅចំណុចតភ្ជាប់នឹងផ្លូវ២៧១ ក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អ្វីដែលជាគម្រោងរបស់ក្រុមហ៊ុន អាយ អេន ជី ហូលឌីង (ING Holding Co., Ltd) បានបើកលំហរមហាវិថីសម្ដេចតេជោហ៊ុនសែនហៅផ្លូវ៦០ ម៉ែត្រតភ្ជាប់ជាមួយនឹងផ្លូវ២៧១នេះ គ្រោងនឹងបើកការដ្ឋាន ដើម្បីសម្រួលឲ្យការដំណើររបស់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួល ខណៈដែលផ្លូវខាងលើនេះ មានលក្ខណៈតូចចង្អៀតដោយសារតែមានផលប៉ះពាល់ជាមួយលំនៅលំនៅរដ្ឋានប្រជាពលរដ្ឋមួយចំនួន។ ប៉ុន្តែទោះបីយ៉ាងណាក្តី ក្រោយពីមានការដោះស្រាយផលប៉ះពាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអាចនឹងបើកការដ្ឋានស្ថាបនាផ្លូវខាងលើនេះអោយបានធំទូលាយនៅចុងឆ្នាំ២០១៩ខាងមុខនេះ។ ការដ្ឋាននេះអាចបញ្ចប់ក្នុងរយៈពេល៣ខែ ពោលគឺនៅដើមឆ្នាំ២០២០នឹងដាក់អោយប្រជាពលរដ្ឋបានធ្វើចរាចរណ៍បានហើយ។
ប្រជាពលរដ្ឋដែលទទួលបានការដោះស្រាយនៃផលប៉ះពាល់ខាងលើបានសម្ដែងនូវការ រីករាយក្នុងចិត្តដោយសារតែការដោះស្រាយនោះពួកគាត់អាចទទួលយកបាន ហើយបាននៅទីតាំងក្បែរៗទីតាំងដើម ដែលអាចប្រកបរបរអាជីវកម្មរកស៊ីបានដូចធម្មតា ជាមួយនឹងការកសាងផ្ទះថ្មថ្មីសន្លាងអោយនៅក្បែរ និងដីរបស់ពួកគាត់ស្នាក់នៅ ងាយស្រួលប្រកបរបរអាជីវកម្មផងដែរ ។
បើតាមការបញ្ជាក់ពីមេការការដ្ឋានបានឲ្យដឹងថាការដ្ឋានខាងលើនេះអាចនឹងបើកដំណើរការការដ្ឋាននៅក្នុងដេីមខែ១១ ឆ្នាំ២០១៩ ហើយការដ្ឋាននេះដែរអាចនឹងប្រើប្រាស់រយៈពេល៣ខែទើបបញ្ចប់ ហើយនឹងអាចដាក់ឲ្យដំណើរការជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍បានធំទូលាយពីផ្លូវ២៧១ ទៅផ្លូវជាតិលេខ២។
គួរបញ្ជាក់ថា មហាវិថីថ្មីមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រកបអាជីវកម្ម និងការធ្វើដំណើរដឹកជញ្ជូនទំនិញ កសិផល និងសេវាកម្មផ្សេងៗ ក្នុងភូមិសាស្រ្តសង្គាត់ចាក់អង្រែលើប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្រ្ត នៃការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងជាការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញ និងជាបច្ច័យដ៏ល្អក្នុងការកាត់បន្ថយការចំណាយនិងជម្រុញឱ្យសេដ្ឋកិច្ចទីផ្សារប្រព្រឹត្តិប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល៕