(ប្រ៊ុយណេ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបជាមួយ លោក MATTHEY MORELL អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ ដើម្បីពិភាក្សាអំពីការពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា។
ក្នុងឱកាសនោះ លោកអគ្គនាយក MATTHEY MORELL បានបញ្ជាក់ថា វិទ្យាស្ថានមានបំណង ស្នើកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-បូកបី នូវគម្រោងបង្កើតសេនេទិចស្រូវថ្មី ដែលធន់នឹងអាកាសធាតុ និងតម្លៃបន្ថែមសម្រាប់អាស៊ាន ហើយលោកអគ្កនាយក សង្ឃឹមថាកម្ពុជា នឹងគាំទ្រដល់សំណើនេះ នៅក្នុងកិច្ចប្រជុំនេះ។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី វេង សាខុន បានសង្កត់ធ្ងន់ថា ដោយទទួលបានកិច្ចសហប្រតិបត្តិការ និងការគាំទ្រពី IRRI កន្លងមក កម្ពុជាបានទទួលបាននូវប្រភេទស្រូវ ដែលមានគុណភាពល្អៗ និងមានឈ្មោះបោះសម្លេង នៅលើទីផ្សារអន្តរជាតិ។
លោកថា ដោយឡែកចំពោះគម្រោងដែល IRRI គ្រោងបង្កើតនូវសេនេទិចស្រូវសម្រាប់អាស៊ាន គឺពិតជាគម្រោងល្អ ដែលនឹងអាចផ្តល់ផលប្រយោជន៍ថ្មីបន្ថែមទៀត ដល់បណ្តាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជា ពិភពលោកទាំងមូល ដូច្នេះក្រសួងកសិកម្ម តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា នឹងគាំទ្រដល់គម្រោងនេះ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-បូកបី ដើម្បីឲ្យគម្រោងនេះ ទទួលបានជោគជ័យ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើជាដៃគូជាមួយវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) អស់រយៈពេលជិត ៤០ឆ្នាំ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដោយបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការកាត់បន្ថយភាពអត់ឃ្លាន អត្រាភាពក្រីក្រ និងទទួលបាននូវសន្តិសុខស្បៀង។
កន្លងទៅនេះ លោករដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញទៅទស្សនកិច្ចផ្លូវការ នៅឯស្នាក់ការកណ្តាលវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ នាទីក្រុងម៉ានីឡា នៃប្រទេសហ្វីលីពីន និងបានរួមគ្នាប្រកាសដាក់ឲ្យប្រើប្រាស់ នូវឯកសារយុទ្ធសាស្រ្តពូជដំណាំជាតិ។
តាមរយៈនៃការអនុវត្តនូវឯកសារយុទ្ធសាស្រ្តនេះ ត្រូវបានរំពឹងទុកថា នឹងអាចជួយឲ្យកសិករនៅកម្ពុជា ទទួលបាននូវប្រភេទពូជដែលមានគុណភាពខ្ពស់ សម្រាប់ធ្វើការបង្កបង្កើនផលនាពេលខាងមុខ៕