(ប្រ៊ុយណេ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤១ (41st AMAF Meeting) នៅក្នុងប្រទេសប្រ៊ុយណេ។

អង្គប្រជុំ បានរាយការណ៍នូវវឌ្ឍនៈភាព នៃការអនុវត្តក្របខណ្ឌគោលនយោបាយពាក់ព័ន្ធ ទៅនឹងកិច្ចសហប្រតិបត្តិការផ្នែកចំណីអាហារ កសិកម្ម និងព្រៃឈើក្នុងឆ្នាំ២០១៩ដូចជា៖

* ស្តង់ដារការអនុវត្តផលិតកម្មល្អអាស៊ាន (ASEAN GMP) សម្រាប់ការផលិតផលបសុឱសថ
* វិធីសាស្រ្តត្រួតពិនិត្យផ្លូវការ ការអនុវត្តកសិកម្មល្អអាស៊ាន (ASEAN GAP) និងវិធីសាស្រ្តបញ្ជាក់ការអនុវត្តកសិកម្មល្អអាស៊ាន សម្រាប់ប្រព័ន្ធធានាគុណភាពដល់បន្លែ និងផ្លែឈើអាស៊ាន
* យុទ្ធសាស្រ្តក្នុងតំបន់អាស៊ានសម្រាប់ការត្រួតពិនិត្យ និងការពារជំងឺប៉េស្តជ្រូក (២០១៩-២០២៥)
* គោលការណ៍បច្ចេកទេស ក្នុងតំបន់នូវប្រព័ន្ធព្រមានជាមុន សម្រាប់ការសង្រ្គោះបន្ទាន់សុខភាពសត្វពីជលផល
* សំណើជាគំនិតក្នុងការបង្កើតបណ្តាញអាស៊ាន សម្រាប់ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនមានការអនុញ្ញាត និងមិនមានការរាយការណ៍
* គោលការណ៍អាស៊ាន សម្រាប់ការរកឃើញ និងការពារការជួញដូរសត្វព្រៃ

សម្រាប់ការអនុវត្តក្របខណ្ឌគោលនយោបាយ ដែលពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការអាស៊ាន ផ្នែកចំណីអាហារ កសិកម្ម និងព្រៃឈើ ក្នុងឆ្នាំ២០២០ កិច្ចប្រជុំបានលើកស្នើ ដល់ប្រទេសជាសមាជិកពិនិត្យ និងសម្រេចនូវកិច្ចសហប្រតិបត្តិការ មួយចំនួនដូចជា៖

* ផ្នែកបុសសត្វ៖ រៀបចំវិធីសាស្រ្តាសម្រាប់ការអនុវត្តផលិតកម្មល្អ និងការឆ្លើយតបបន្ទាន់ទៅនឹងជំងឺឆ្លង
* ផ្នែកដំណាំ៖ សុខដុមនីយកម្មអាស៊ាន នៃសារធាតុសំណល់កសិកម្ម គោលការណ៍ភូតគាមអនាម័យអាស៊ាន សម្រាប់ការនាំចូលផលិតផលកសិកម្មអាទិភាព និងស្តង់ដារអាស៊ានសម្រាប់ដំណាំសាកវប្បកម្ម
* ផ្នែកជលផល៖ ការដោះស្រាយការនេសាទប្រកបដោយចីរភាព សម្រាប់ធានាសន្តិសុខស្បៀងដល់តំបន់អាស៊ាន និងគម្រោងប្រឆាំងនឹងការប្រើប្រាស់ថ្នាំសម្លាប់មេរោគ (AMR) ក្នុងវារីវប្បកម្ម
* ផ្នែកព្រៃឈើ៖ ការពិនិត្យឡើងវិញនូវលក្ខណៈវិនិច្ឆ័យអាស៊ាន និងកសាងនីត្យានុកូលភាពព្រៃឈើ និងគោលការណ៍អាស៊ាន សម្រាប់ពិធីសារក្នុងការគ្រប់គ្រងធនធាន និងប្រមូលផលឈើ មិនមែនឈើព្រៃប្រកបដោយចីរភាព៕