Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ផ្តល់អំណោយជូនពលរដ្ឋក្រីក្រ៣០គ្រួសារ នៅសង្កាត់ច្បារអំពៅទី១

15-10-2019 12:28

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៣០គ្រួសារ ក្នុងសង្កាត់ច្បារអំពៅទី១។

លោក ចេង មុនីរ៉ា បានថ្លែងថា ថ្ងៃនេះកាកបាទក្រហមខណ្ឌច្បារអំពៅ បាននាំយកអំណោយមួយចំនួន មកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ ដែលអំណោយទាំងនេះ រួមមាន៖ ក្នុងមួយគ្រួសារ ទទួលបានឃីត០១កញ្ចប់, ទឹកស៉ីអ៉ីវ១យួរ, ទឹកត្រី១យួរ, អង្ករ៣០គីឡូក្រាម និងថវិកាមួយចំនួន។

លោកអភិបាលខណ្ឌ ក៏បានលើកឡើងផងដែរ ពីការយកចិត្តទុកដាក់គិតគូររបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចតែងតែបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី។ ជាពិសេសប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព និងងាយរងគ្រោះនានា ហើយសម្តេចតែងតែ បានក្រើនរំលឹកដល់អាជ្ញាធរ គ្រប់ទីកន្លែងតាមដានពីសុខទុក្ខប្រជាពលរដ្ឋ និងគិតគូរដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា។

បន្ថែមពីនេះ លោក ចែង មុនីរ៉ា ក៏បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ បន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីឲ្យគ្រួសារ មានជីវភាពកាន់តែប្រសើរឡើង។

លោក ចេង មុនីរ៉ា បានលើកឡើងទៀតថា នេះមិនមែនជាលើកទី១ទេ កាកបាទក្រហមកម្ពុជាខណ្ឌ តែងតែបានផ្តល់អំណោយជូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានរបស់ខ្លួនជាញឹកញាប់ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ បក្ខពួកព័ណ៌សម្បុរនោះឡើយ ពោលឲ្យតែបានដឹងថា មានពលរដ្ឋ ជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅទីណា កាកបាទក្រហមកម្ពុជា តែងតែចុះទៅជួយតាមលទ្ធភាពដល់ទីនោះ៕