(សៀមរាប)៖ ឆ្លងកាត់ពេលវេលារាប់រយឆ្នាំមកនេះ ទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្តបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់គ្រឹះប្រាសាទអង្គរវត្តឱ្យស្ថិតស្ថេរយូរអង្វែង តាំងពីបុរាណកាល មកដល់ពេលបច្ចុប្បន្ន និងតទៅអនាគត ពិសេសជាងនេះទៅទៀត បរមគង្គាក្នុងទីក្រុងទេវកថាមួយនេះ ក៏តំណាងឱ្យមហាសាគរដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ និងចក្រវាឡយើងផងដែរ។
ថ្លែងប្រាប់ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលបានបន្តបេសកកម្មលើកទី៥របស់ខ្លួនឆ្ពោះទៅខេត្តសៀមរាបនោះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បើតាមជំនឿព្រហ្មញ្ញសាសនា បរិវេណប្រាសាទអង្គរវត្ត គឺតំណាងឱ្យចក្រវាឡ ឬភពផែនដីទាំងមូល បានន័យថា ព្រះបាទសូរ្យវរ្ម័នទី២ ស្ថាបនាប្រាសាទអង្គរវត្តឡើង គឺតំណាងឱ្យភ្នំព្រះសុមេរុ ដែលនៅចំកណ្ដាលនៃចក្រវាឡយើងនេះ ហើយចក្រវាឡ និងភ្នំព្រះសុមេរុនេះទៀតសោត ក៏ត្រូវបានហ៊ុព័ទ្ធដោយមហាសាគរផងដែរ មហាសាគរនោះ គឺកសិន្ធុដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនេះឯង។
លក្ខណៈពិសេសមួយទៀតរបស់កសិន្ធុប្រាសាទអង្គរវត្ត គឺមានតួនាទីទ្រទ្រង់គ្រឹះនៃប្រាសាទអង្គរវត្តឱ្យស្ថិតស្ថេរយូរអង្វែង។ លោកថា គំនរថ្មដែលត្រូវបានរៀបជាប្រាសាទអង្គរវត្តឡើងនោះ គឺមានទម្ងន់រហូតដល់រាប់លានតោន ដែលជាធម្មតាមិនអាចស្ថិតស្ថេរយូរអង្វែងបានឡើយ ប៉ុន្តែប្រាសាទអង្គរវត្តមិនដូច្នោះទេ មានន័យថា ដោយសារអនុភាពនៃកម្លាំងទ្រទ្រង់របស់ទឹកក្នុងកសិន្ធុនេះហើយ ដែលធ្វើឱ្យមហាប្រាសាទមួយនេះស្ថិតស្ថេររហូតដល់ពេលបច្ចុប្បន្ន និងតទៅអនាគត។
លោក ឡុង កុសល បានឱ្យដឹងទៀតថា បុព្វបុរសខ្មែរសម័យអង្គរពិតជាមានភាពអស្ចារ្យណាស់ គឺលោក (បុព្វបុរស) បានកសាងប្រាសាទអង្គរវត្តឡើងនៅលើដីខ្សាច់ដ៏ហាប់ណែន យកខ្សាច់ធ្វើជាគ្រឹះខាងក្រោមប្រាសាទអង្គរ ហើយទឹកដែលមានប្រភពពីកសិន្ធុនៅជុំវិញនោះ គឺបានចូលទៅចិញ្ចឹមខ្សាច់នៅក្រោមប្រាសាទនោះឱ្យមានសំណើមជាប់ជានិច្ច។
លោកបន្តថា នៅពេលត្រូវទឹក ខ្សាច់មានកំហាប់ណែនរឹងមាំ ដែលអាចទ្រាំទ្រទម្ងន់ប្រាសាទអង្គរដ៏អច្ឆរិយៈនៃយើងឱ្យគង់វង្សយូរអង្វែង។ ទាំងនេះហើយគឺជាភាពអស្ចារ្យនៃមហាប្រាសាទរបស់ព្រះបាទសូរ្យវរ្ម័នទី២ និងកសិន្ធុជុំវិញប្រាសាទផងដែរ។
បើតាមអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះ បរិមាណទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្តមានប្រមាណ ១លានម៉ែត្រគូប និងមានជម្រៅជាមធ្យម ២ម៉ែត្រ បណ្ដោយពីកើតទៅលិចប្រវែង ១,៥០០ម៉ែត្រ និងទទឹងពីជើងទៅត្បូងប្រវែង ១,៣០០ម៉ែត្រ ដែលជាកម្លាំងដ៏មហិមាក្នុងការទ្រទ្រង់ប្រាង្គប្រាសាទទាំងមូល។
លោក ឡុង កុសល បានរៀបចំពីដំណើរការប្រមូល និងរក្សាស្ថិរភាពទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្តផងដែរថា ដើមឡើយ ទឹកក្នុងកសិន្ធុមួយនេះធ្លាប់ស្រកចុះ ប៉ុន្តែក្រោយការខិតខំរបស់អាជ្ញាធរជាតិអប្សរា ក្រុមការងារបានជីកប្រឡាយថ្មីមួយ តភ្ជាប់ពីកសិន្ធុអង្គរធំមកកសិន្ធុអង្គរវត្ត ដើម្បីប្រមូលយកទឹកពីស្ទឹងសៀមរាបនៅរដូវវស្សា។ ប្រឡាយទឹកថ្មីនោះមានឈ្មោះថា «ប្រឡាយសម្ដេចតេជោ ហ៊ុន សែន»។ នៅពេលរដូវប្រាំង គេបង្ហូរទឹកតាមប្រឡាយសម្ដេចតេជោ ហ៊ុន សែន ឱ្យទឹកហូរចូលមកត្រពាំងសេស និងបង្ហូរបន្តមកកសិន្ធុប្រាសាទអង្គរវត្ត។
លុះក្រោយមកទៀត ក្រុមអ្នកជំនាញបានរកឃើញស្លាកស្នាមផ្លូវទឹកបុរាណមួយ ដែលតភ្ជាប់ពីកសិន្ធុប្រាសាទអង្គរវត្តទៅកសិន្ធុអង្គរធំ នៅប៉ែកខាងកើតភ្នំបាខែង ដើម្បីប្រមូលយកទឹកពីកសិន្ធុក្រុងអង្គរធំ មកបញ្ចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ប្រឡាយនោះគេឱ្យឈ្មោះថា «ប្រឡាយសំពៅលូន»។ ក្រោយមក អាជ្ញាធរជាតិអប្សរា ក៏បានបង្វែរពីការយកទឹកតាមប្រឡាយសម្ដេចតេជោ ហ៊ុន សែន មកយកតាមប្រឡាយសំពៅលូនវិញ ពីព្រោះមានចម្ងាយជិតជាងប្រឡាយសម្ដេចតេជោ ហ៊ុន សែន។
ដោយសារការខិតខំទាំងនេះហើយ ទើបអាជ្ញាធរជាតិអប្សរាសម្រេចបានការរក្សាស្ថិរភាពទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីរួមគ្នាបន្តកេរតំណែលដ៏មហាសាលរបស់បុព្វបុរស ឱ្យស្ថិតស្ថេរបន្តទៅអនាគតដ៏យូរអង្វែងទៀត៕