(ភ្នំពេញ)៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលអង្គការស្នាមញញឹមកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ជូនអំណោយជូនកុមារវះកាត់មាត់ឆែប និងក្រអូមឆែប ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។
ក្នុងឱកាសនោះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានជំរុញលើកទឹកចិត្ដ និងអំពាវនាវ ដល់ពលរដ្ឋទូទាំងប្រទេស ក្មេង ចាស់ ជាពិសេសគ្រួសារមានកុមារមាត់ឆែប និងក្រអូមឆែប ប្រញាប់នាំកូនមកទទួលយកសេវាវះកាត់ ជាមួយគ្រូពេទ្យឯកទេសក្នុង និងក្រៅស្រុក ដោយឥតគិតថ្លៃ នៅអង្គការស្នាមញញឹមកម្ពុជា ជាន់ទី៣នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។
លើសពីនោះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលប្រធានក្រុមប្រឹក្សាភិបាលអង្គការស្នាមញញឹមកម្ពុជា នឹងបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការ ជាមួយគ្រូពេទ្យជំនាញនៅតាមបណ្ដាប្រទេស ដើម្បីបន្ដជួយលើកកម្ពស់សុខុមាលរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ម៉ុត ធាវី នាយក គ្រប់គ្រង វេជ្ជសាស្ត្រ នៃ អង្គការ ស្នាមញញឹម កម្ពុ ជា បានថ្លែងថា «ដោយការមានសហជាមួយនិងដៃគូជាតិ និងអន្ដរជាតិ អង្គការស្នាមញញឹមកម្ពុជា ដែលមានលោកស្រី ពេជ ចន្ទមុន្នី ជាប្រធានក្រុមប្រឹក្សាភិបាល តែងតែធ្វើការវះកាត់ មាត់ឆែប ក្រអូបឆែប មាត់ធ្មេញ និងពិការភាពមុខមាត់ជាដើម ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ជាមួយនិងគ្រូពេទ្យជំនាញ បទពិសោធន៍យូរឆ្នាំ»។
លោកវេជ្ជបណ្ឌិត បានថ្លែងបន្ដថា «សម្រាប់ការវះកាត់នេះ ជាលើកទី៨២ហើយ ដោយលើកនេះ យើងមានការសហការជាមួយគ្រូពេទ្យជំនាញពីប្រទេសជប៉ុន ធ្វើការវះកាត់ជូនពលរដ្ឋយើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។ បើគិតចាប់ពីឆ្នាំ២០០២ មកទល់បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យយើង បានធ្វើការវះកាត់ជូនពលរដ្ឋកម្ពុជា ទំាងចាស់ និងក្មេង ប្រមាណជាង៤,០០០នាក់»។
ជាងនេះទៅទៀត ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋយើង ដែលនៅតាមភូមិដាច់ស្រយាលនៅតាមបណ្ដាខេត្ដ ក្រុមគ្រូពេទ្យស្នាមញញឹមកម្ពុជា និងដៃគូសហការ បានចុះទៅធ្វើការវះកាត់ និងព្យាបាលពលរដ្ឋដោយផ្ទាល់ដល់ក្បែរគេហដ្ឋានតែម្ដង ដូចជា នៅខេត្ដស្វាយរៀង កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ កំពត រតនគិរី និងមណ្ឌលគិរីជាដើម។
សម្រាប់អ្នកមកទទួលសេវាវះកាត់មាត់ឆែប និងក្រអូមមាត់ឆែប នៅរាជធានីភ្នំពេញ អង្គការស្នាមញញឹមកម្ពុជា បានផ្ដល់ជាអាហារ ការស្នាក់នៅដោយឥតគិតថ្លៃ និងឧបត្ថម្ភការធ្វើដំណើររបស់គ្រួសារ ឬអ្នកមកទទួលសេវាវះកាត់ផងដែរ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ រួមមាន អង្គការ Smile Asia ដែលតែងតែឧបត្ថម្ភនូវសម្ភារវះកាត់ផ្សេងៗ និងដៃគូសហការទាំងអស់ ជាពិសេសកិច្ចសហប្រតិបត្ដិការជាមួយមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានផ្ដល់អគារសម្រាប់ធ្វើការវះកាត់កន្លងមកនេះ។
ទន្ទឹមនឹងនោះ លោកក៏ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលមាត់ឆែប និងក្រអូមមាត់ឆែប មកទទួលសេវាវះកាត់នេះឱ្យបានគ្រប់ៗគ្នា និងផ្ដាំផ្ញើ ដល់ស្ដ្រីមានផ្ទៃពោះ សូមប្រុងប្រយ័ត្ន ចំពោះសុខភាព ពិសេស ដើម្បីឲ្យទារកដែលកើតមក ជៀសផុតពីជំងឺឆែបមាត់ ក្រអូបឆែប ពិការភាពផ្សេង ដោយកុំលេបថ្នាំផ្ដេកផ្ដាស កុំបរិភោគអាហារណាដែលមិនល្អ បរិស្ថានជុំវិញផ្ទះ ត្រូវតែស្អាតជានិច្ច លេបថ្នាំវីតាមីនឲ្យបានគ្រប់គ្រាន់ តាមវេជ្ជបញ្ជាររបស់ពេទ្យ៕