(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ មានព័ត៌មានផ្អើលព្រោងព្រាត និងត្រូវគេយកទៅបង្ហោះតាមបណ្តាញសង្គម Facebook រួចចែករំលែក (Share) តគ្នា ករណីមានគេប្រទះឃើញវត្ថុរូបរាងដូចគ្រាប់បែកដៃ ត្រូវគេយកទៅប្លុងចោលលើធុងសំរាម នាភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តែតាមការពិតក្រោយសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅមើលជាក់ស្តែងទើបដឹងថា មិនមែនជាគ្រាប់បែកនោះឡើយ គឺជាវត្ថុជ័រសម្រាប់ក្មេងលេងតែប៉ុណ្ណោះ។

សេចក្តីរាយការណ៍ពីក្រុងព្រះសីហនុ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានឲ្យដឹងថា «មានប្រជាពលរដ្ឋរាយការណ៍ថា មានគ្រាប់បែក ២គ្រាប់គេដាក់នៅលើធុងសំរាម ម្តុំទួលខ្សាច់ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នារសៀលថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៩នេះ»។

តាមនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានបញ្ជាក់ថា គ្រាប់បែកជ័រនេះមើលទៅដូចបេះបិទទៅនឹងគ្រាប់បែកមែនទែន និងថា ទំនងជាមានក្មេងលេងហើយចោលនៅទីនោះ ពលរដ្ឋប្រទះឃើញភយ័ខ្លាច ទើបរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យ តែបច្ចុប្បន្នគ្រាប់បែកជ័រនេះសមត្ថកិច្ចបានយកចេញហើយ។

ជាមួយនឹងព័ត៌មាននេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាឲ្យកម្លាំងនគរបាល ចុះទៅពិនិត្យភ្លាម ពេលនោះទើបដឹងថា ជាវត្ថុជ័រសម្រាប់ក្មេងលេង។

លោកអភិបាលខេត្ត ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្រុងព្រះសីហនុ ឈប់មានការព្រួបារម្ភ និងកុំឲ្យមានការភ័ន្តច្រឡំតទៅទៀត ហើយនៅពេលេនះសមត្ថកិច្ចបានយកចេញហើយ៕