(កំពត)៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ លោក ណុប ប៊ុនណាង ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពតថ្មី ជំនួសលោក ជិន វណ្ណា ជាប្រធានមន្ទីរចាស់ ដែលត្រូវទទួលភារកិច្ចថ្មី។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក ស្ថាប័នសាលាដំបូងខេត្ត និងស្ថាប័នអយ្យការខេត្ត ព្រមទាំងមន្ត្រីរាជការប្រមាណ ៣៥០នាក់។
លោកអភិបាលខេត្ត លោក ជាវ តាយ បានផ្តាំផ្ញើដល់មន្តី្រដែលទើបទទួលតំណែងថ្មី ព្រមទាំងមន្ត្រីរាជការទាំងអស់ចំនួន ៤ចំណុច រួមមាន៖
*ទី១៖ បន្តយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធិភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួនព្រមទាំងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ និងរដ្ឋបាលខេត្ត
*ទី២៖ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងមន្ទីរ ឲ្យបានល្អប្រសើរ ពោលគឺសំណើរលុបបំបាត់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរព ក្រមសីលធម៌វិជ្ជាជីវ:
*ទី៣៖ ត្រូវធ្វើការស្វែងយល់ដល់ស្ថានភាព ដំណើរការ និងបរិយាកាសទីកន្លែងថ្មី ដើម្បីមានមូលដ្ឋានសម្របសម្រួលការងារឲ្យទទួលបានជោគជ័យថ្លៃថ្លា ជាពិសេសត្រូវស្វែងយល់ពីក្របខណ្ឌបៀវត្សរ៍ ក៏ដូចជាគោលការណ៍ វិធានការជាក់ស្ដែងរបស់រដ្ឋបាលខេត្ត និងបេសកកម្មចម្បងរបស់មន្ទីរព្រមទាំងការណែនាំ និងបំពាក់បំប៉នជំនាញបច្ចេកទេស ដល់មន្ត្រី និងសហការជាមួយមន្ទីរអង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ ដើម្បីឲ្យការងាររបស់យើងមានប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋប្រកបដោយឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ
*ទី៤៖ យកចិត្តទុកដាក់ជំរុញលើកទឹកចិត្ត អប់រំណែនាំ ជួយបង្កលក្ខណៈ និងផ្ដល់ឱកាសការងារដល់មន្ត្រីវ័យក្មេងដែលជាធនធានមនុស្សសម្រាប់បន្តវេននៅថ្ងៃខាងមុខ។
នៅក្នុងឱកាសនោះដែរ លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី និងមន្ត្រីរាជការក្រោមឱវាទពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ ឲ្យពង្រឹងសមត្ថភាពខ្លួន ជាពិសេសត្រូវខិតខំរៀនសូត្រ ពីលិខិតបទដ្ឋានគតិយុត្តស្តីពីការគ្រប់គ្រងវិស័យមុខងារសាធារណៈ ការអនុវត្តតួនាទី និងភារកិច្ចឲ្យសមស្របតាមតួនាទីរបស់មន្ទីរ មុខងារសាធារណៈ ការពង្រឹង និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង រវាងមន្ត្រីរាជការទាំងអស់ក្នុងមន្ទីរ ក៏ដូចជា អង្គភាព និងមន្ទីរនានាជុំវិញខេត្ត។
លោកកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានជំរុញប្រធានមន្ទីរថ្មី ចូលរួមជួយការពារផលប្រយោជន៍មន្ត្រីរាជការក្នុងខេត្ត ព្រមទាំងធ្វើជាសេនាធិការ ជូនអភិបាលខេត្តលើកិច្ចការ មុខងារសាធារណៈ ជាពិសេសក្តាប់ស្ថិតិមន្ត្រីរាជការក្នុងខេត្តឲ្យបានល្អប្រសើរ៕