(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈិន ចាន់ពណ៌ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានចេញមកបដិសេធ និងច្រានចោលព័ត៌មានរបស់ក្រុមជនទុច្ចរិតនៅក្រៅប្រទេស ដែលបានចេញផ្សាយថា នាយឧត្តមសេនីយ៍ និងនាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការ បានចុះចូលជាមួយពួកគេធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
ក្រុមជនទុច្ចរិតតាំងខ្លួនជារដ្ឋាភិបាលនិរទេសខ្លួនមាន Facebook ឈ្មោះ «Vatheaneak Chhan» និង «Serey Sam» នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានសរសេរថា «ក្រោយពីការប្រកាសផ្តាច់ខ្លួនចូលរួមជាបន្តបន្ទាប់ ពេលនេះមេបញ្ជាការពីររូបទៀតហើយ គឺនាយឧត្តមសេនីយ៍ ឈិន ចាន់ពណ៌ អគ្គមេបញ្ជាការរងទទួលបន្ទុកលើការងារសេនាធិការដ្ឋាន កងអន្តរាគមន៍ និងបញ្ជាការដ្ឋានរថក្រោះ រួមនិងនាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរងមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ ទទួលបន្ទុកលើការងារគ្រប់គ្រងដឹកនាំបញ្ជាផ្ទាល់បញ្ជាការដ្ឋាន កាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន បានផ្តាច់ខ្លួនចូលរួមជាមួយរដ្ឋាភិបាលជាតិខ្មែរនិរទេស ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី សម សេរី រដ្ឋាភិបាលជាតិខ្មែរនិរទេសយើងសូមស្វាគមន៍»។
ក្រោយឃើញការផ្សព្វផ្សាយនេះ នាយឧត្តមសេនីយ៍ ឈិន ចាន់ពណ៌ បានច្រានចោលនូវការផ្សព្វផ្សាយ និងអំពាំវនាវកុំឱ្យសាធារណជនមានការយល់ច្រឡំ។ នាយឧត្តមសេនីយ៍ បានចាត់ទុកការបំភ្លៃព័ត៌មាននេះ គឺជាចេតនាដ៏ពិសពុល និងអាក្រក់ក្នុងការបំបែកបំបាក់ផ្ទៃក្នុងរបស់កងទ័ព និងចង់នាំមកនូវភាពវឹកវរសម្រាប់សង្គមជាតិ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសបដិសេដទាំងស្រុងនូវព័ត៌មាន ដែលបានចោទប្រកាន់មកលើខ្ញុំ និងនាយឧត្តមសេនីយ៍ ណុប រតនា ពីការផ្តាច់ខ្លួនចូលរួមជាមួយរដ្ឋាភិបាលជាតិខ្មែរនិរទេស នៅក្នុង Page Facebook ឈ្មោះថា Serey Sam និង Vatheaneak Chhan។ ខ្ញុំ សូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ មេត្តាចាត់វិធានការ លើបុគ្គលទាំងពីរនេះយកមកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់»។
នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវទៅដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចំពោះក្រុមជនទុច្ចរិតទាំងអស់នេះ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកលេងបណ្តាញសង្គមទាំងអស់ កុំឱ្យចាញ់បោក កុំជឿលើការផ្សព្វផ្សាយរបស់ក្រុមជនទុច្ចរិតទាំងអស់នេះ។
សូមបញ្ជាក់ថា ក្រុមរបស់លោក សម សារី ដែលតាំងខ្លួនជារដ្ឋាភិបាលនិរទេសនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ បានធ្វើសកម្មភាពបំភ្លៃព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការចុះចូល របស់ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធជាមួយក្រុមរបស់ខ្លួន។
បើទោះបីជាយ៉ាងណា ការបំភ្លៃព័ត៌មានពីក្រុមជនទុច្ចរិតទាំងអស់នេះ ត្រូវបានច្រានចោលជាបន្តបន្ទាប់ផងដែរ។ ការចេញមកបំភ្លៃព័ត៌មានរបស់ក្រុមជនទុច្ចរិតនេះ ត្រូវបានគេមើលឃើញថា ជាសកម្មភាពមួយមានបំណងពិសពុលក្នុងការបំបែកបំបាក់សាមគ្គីភាពរបស់កងទ័ពជាមួយរាជរដ្ឋាភិបាល ដើម្បីឈានទៅបង្កភាពវឹកវរនៅក្នុងប្រទេស៕