(ឆែក)៖ មហាសេដ្ឋីលំដាប់កំពូលរបស់កម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើវិនិយោ គិនរបស់ប្រទេសឆែក បើករោងចក្រផលិតយន្ដហោះខ្នាតតូច នៅក្នុងប្រទេសកម្ពុជា។ លោក គិត ម៉េង ក៏បានស្នើឱ្យបណ្តុះបណ្តាលការបើកយន្តហោះខ្នាតតូចនៅកម្ពុជាផងដែរ។ លោក គិត ម៉េង មើលឃើញថា ការផលិតយន្តហោះ និងបណ្តុះបណ្តាលការបើកយន្តហោះនឹងជាចំណែកមួយជួយជំរុញការហោះហើរក្នុងប្រទេសកម្ពុជា ពីខេត្តមួយទៅខេត្តមួយ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍។
សំណើ របស់អ្នកឧកញ៉ា គិត ម៉េង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីពាណិជ្ជកម្មរវាងកម្ពុជាជាមួយឆែក នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ នៅទីក្រុងប្រាក ប្រទេសឆែក។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកឧបនាយករដ្ឋមន្រ្តី ការេល ហាវិលីខេក រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឆែក។
ក្នុងកិច្ចប្រជុំនោះអ្នកឧកញ៉ា គិត ម៉េង លើកឡើងថា ឆែកជាប្រទេសមួយ មានបច្ចេកវិទ្យា សម្ភារគ្រឿងយន្ត មានបច្ចេកទេសខ្ពស់ ក៏ប៉ុន្តែបច្ចុប្បន្នមិនសូវមានទីផ្សារ នៅក្នុងប្រទេសកម្ពុជានៅឡើយ។ ដូច្នេះការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាឱកាសមួយសម្រាប់វិនិយោគិនឆែក ហើយឆែកក៏អាចចាប់យកកិច្ចសហការវិនិយោគផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ផ្នែកសន្តិសុខព័ត៌មានវិទ្យា ក្នុងបណ្តាញអ៉ីនធើណេត ការប្រមូលផ្តុំទិន្នន័យជាដើម។
ដោយសារទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឆែកនៅមានទំហំតូចនៅឡើយ ពោលមានប្រមាណ ២៤៣លានដុល្លារនៅឆ្នាំ២០១៨នោះ អ្នកឧកញ៉ា គិត ម៉េង បានស្នើឆែកបង្កើនទំហំពាណិជ្ជកម្មឱ្យបានច្រើន។ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ប្រទេសឆែក និងកម្ពុជា មានវិស័យច្រើនដែលអាចវិនិយោគដូចជា ផ្នែកកសិឧស្សាហកម្ម ទេសចរណ៍ ការកែច្នៃអាហារ សំណង់ បង្គំរថយន្ត អគ្គិសនី និងសុខាភិបាល។
ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ អ្នកឧកញ៉ា គិត ម៉េង បានស្នើឱ្យរដ្ឋាភិបាលឆែកបើកការហោះហើរត្រង់មកកម្ពុជាផងដែរ។
ក្នុងកិច្ចប្រជុំនាថ្ងៃនេះ សភាពាណិជ្ជកម្មកម្ពុជា និងឆែក ក៏បានចុះអនុស្សារណស្តីពីកិច្ចសហប្រតិបត្តិការពណិជ្ជកម្មរវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរផងដែរ។
សូមបញ្ជាក់ថា កម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយអតីតសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ ទំនាក់ទំនងការ ទូតរវាងកម្ពុជា និងឆែក ត្រូវបានបង្កើតឡើងវិញ បន្ទាប់ពីប្រទេសឆេកូស្លូវ៉ាគី បែងចែកជាពីរ៕