Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រូវពូជសែនស្រអូបជាង ២ពាន់បេ ត្រូវបានចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គនៅស្រុកចិត្របុរី

14-10-2019 17:42

(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បាននាំយកស្រូវពូជសែនក្រអូបចែកជូនដល់ពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គចំនួន ៥ឃុំ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។

យោងតាមរបាយការណ៍រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា នៅឃុំបុលាវ ប្រជាពលរដ្ឋមានចំនួន ១៣៨គ្រួសារ ទទួលបានស្រូវពូជចំនួន៣៤៤បេ, ឃុំគោលាប់ និងឃុំចង្ករង់ចំនួន ១៣៧គ្រួសារ ទទួលបានស្រូវពូជចំនួន ៥០៣បេ, ឃុំថ្មក្រែ និងឃុំសំបុក ប្រជាពលរដ្ឋចំនួន ៣៩៤គ្រួសារ ទទួលបាលស្រូវពូជចំនួន ១៣៨០បេ។

ក្នុងពីធីចែកស្រូវពូជនោះដែរលោក វ៉ា ថន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរពីស្ថានភាពរស់នៅ ដែលបានទទួលរងគ្រោះក្នុងពេលទឹកជំនន់ និងក្រោយទឹកជំនន់ ដោយមិនទុកឲ្យនរណាម្នាក់ ស្លាប់ដោយអត់បាយនោះទេ ហើយជាពិសេសគឺបងប្អូនប្រជាកសិករ ដែលលទ្ធភាពក្នុងការស្តារនូវវិស័យកសិកម្ម ដោយពួកគាត់ផ្ទៃដី សម្ភារ និងប្រភពទឹកសម្រាប់ធ្វើកសិកម្មឡើងវិញ តែបងប្អូនខ្វះពូជសម្រាប់ដាំដុះ ទើបរាជរដ្ឋាភិបាលសម្រេចផ្តល់នូវពូជស្រូវជូននាពេលនេះ។

លោកក៏ជំរុញឲ្យបងប្អូនប្រជាកសិករទាំងអស់ ត្រូវខិតខំធ្វើការភ្ជួររាស់ ដកស្ទួង ឲ្យបានទាន់រដូវកាលទឹកសម្រក និងត្រូវធ្វើការថែបំប៉ននូវស្រូវរបស់ខ្លួនឲ្យបានល្អប្រសើរ មិនត្រូវទុកស្រូវចោល ដោយមិនទៅមើលថែទាំទុកឲ្យដង្កូវស៊ី ឬស្មៅបោកងាប់នោះទេត្រូវ ហើយក្រៅពីការធ្វើស្រែ ចេះដាំដំណាំរួមផ្សំ ក៏ដូចជា ចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ សុទ្ធតែអាចយកទៅលក់បានប្រាក់កម្រៃ យកមកទ្រទ្រង់ជីវភាពដូចគ្នា និងថែរក្សាសុខភាពឲ្យបានល្អ៕