(ភ្នំពេញ)៖ អតីតសិស្សនៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន កញ្ញា តាំង គីមយូ ជាក្មេងតស៊ូ និងជន្នះមិនបោះបង់នូវក្តីស្រមៃរបស់ខ្លួននោះឡើយ ដោយសារមានការគាំទ្រច្រើន កញ្ញាបានប្រឹងប្រែងរហូតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសាកលភាវូបនីយកម្ម និងការអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យម៉ាស្រ្ទីតប្រទេសហូឡង់ និងក្លាយជានិស្សិតអនុបណ្ឌិត ដែលបានធ្វើដំណើរជុំវិញទ្វីបអឺរ៉ុប។
កំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រ និស្សិតរូបនេះបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ការងារស័្មគ្រចិត្ត ការហាត់ការជាមួយនឹងបណ្តាស្ថាប័នអង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិផ្សេងៗ ហើយក៏បានចូលរួមក្នុងវគ្គសិក្សាខ្លីៗទាំងក្នុងស្រុក និងនៅបរទេសផងដែរ។ មិនត្រឹមតែទទួលបានអាហារូបករណ៍១០០ភាគរយ ទៅសិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅបរទេសប៉ុណ្ណោះទេ និស្សិតរូបនេះក៏បានធ្វើដំណើរសឹងតែជុំវិញទ្វីបអឺរ៉ុបទៅហើយ។
កញ្ញា តាំង គីមយូ បានឱ្យដឹងយ៉ាងដូច្នេះថា «ដំបូងឡើយគិតចាប់ពីពេលដែលខ្ញុំរៀនចប់វិទ្យាល័យដំបូង ខ្ញុំមិនទាន់ស្គាល់ពីខ្លួនឯងច្បាស់មិនថាជាឆន្ទៈ ឬមួយក៏អ្វីដែលខ្លួនចង់ធ្វើនោះទេ។ ប៉ុន្តែក្រោយមក ខ្ញុំបានចូលរួមដំណើរទស្សនៈកិច្ចសិក្សាទៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ដែលពីមុនមកគ្រប់គ្នាធ្លាប់ស្គាល់ថា ជាសាកលវិទ្យាល័យ ហ្សាម៉ាន់ ហើយខ្ញុំក៏ចាប់ផ្តើមស្រលាញ់ និងចង់ដឹងចង់រៀនបន្ថែមអំពីទំនាក់ទំនងអន្តរជាតិ, វិទ្យាសាស្ត្រនយោបាយ, និងព្រឹត្តិការណ៍ដែលកើតឡើងក្នុងសង្គម និងពិភពលោក ហើយក៏សម្រេចចិត្តចាប់យកជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិសម្រាប់ថ្នាក់បរិញ្ញាបត្រតែម្តង»។
កញ្ញា តាំង គីមយូ បានបន្តថា «អាចនិយាយបានថាបរិយាកាស និងការសិក្សានៅសាកលវិទ្យាល័យមានភាពខុសគ្នាពីការសិក្សាថ្នាក់ក្រោម ដែលជាកត្តាជំរុញដ៏ធំមួយបានផ្លាស់ប្តូរខ្ញុំពីបុគ្គលអសកម្ម ស្រគត់ស្រគំ និងមានភាពអៀនប្រៀនច្រើន ទៅជាមនុស្សម្នាក់ដែលសកម្ម ហ៊ាននិយាយស្តី មានគោលដៅ និងឆន្ទៈច្បាស់លាស់ក្នុងការសម្រេចចិត្តលើផ្លូវជីវិតរបស់ខ្លូនតាមរយៈការសិក្សា ថែមទាំងមានទំនុកចិត្តនិងភាពជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួន»។
គីមយូ បន្ថែមថា ពីមុនមកមិនដែលចូលរួមក្នុងការងារសង្គម ឬសកម្មភាពក្រៅម៉ោងសិក្សាអ្វីទាំងអស់ ព្រោះធ្លាប់តែអៀនប្រៀនច្រើនមិនហ៊ានប្រាស្រ័យទាក់ទងច្រើនជាមួយអ្នកដទៃ ប៉ុន្តែបន្ទាប់ពីចូលរៀននៅសាកលវិទ្យាល័យ និងដោយមានការជំរុញលើកទឹកចិត្តពីសំណាក់សាស្ត្រាចារ្យ កញ្ញាក៏ចាប់ផ្តើមអភិវឌ្ឍខ្លួនឯងដោយចូលរួមក្នុងសកម្មភាព និងការងារស្ម័គ្រចិត្តមូយចំនួនស្របនឹងការសិក្សាក្នុងសាលាដូចជា កម្មវិធីប្រជុំគំរូរបស់អង្គការសហប្រជាជាតិដែលរៀបចំដោយ UN Volunteer Cambodia, កម្មវិធីប្រជុំគំរូរបស់សមាគមអាស៊ាន (Model ASEAN Meeting) នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ, បង្រៀនភាសាអង់គ្លេសទៅដល់ប្អូនៗថ្នាក់បឋម នៅឯសាលារដ្ឋ,
កម្មវិធីជំរុញនូវការស្រលាញ់ និងថែរក្សាធម្មជាតិ និងការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ និងអត្ថប្រយោជន៍នៃធម្មជាតិ, កម្មវិធីលើកកម្ពស់សិទ្ធិ និងសុវត្ថិភាពរបស់ក្មេងស្រី និងស្រ្តីកម្ពុជាតាមរយៈបច្ចេកវិទ្យារបស់អង្គការ The Asia Foundation, កម្មវិធីលើកកម្ពស់វប្បធម៌និងសម្បត្តិបេតិកភ័ណ្ឌជាតិនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនផ្ទាល់, និងកម្មវិធីសិក្សាស្រាវជ្រាវរដូវក្តៅរបស់មជ្ឈមណ្ឌលខេមរសិក្សា (Center for Khmer Studies)។ ចូលរួមធ្វើការហាត់ការជាមួយនឹង ADIC ដែលជាអង្គការក្នុងស្រុកមួយ និង USAID Cambodia ដោយទទួលបន្ទុកក្នុងការស្រាវជ្រាវ និងការចុះតាមខេត្តផ្សេងៗជាមួយនឹងក្រុមការងាររបស់ខ្លួន។
កញ្ញាបានលើកឡើងទៀតថា ចំណង់ប្រាថ្នារបស់នាង គឺតែងតែចង់ចាប់បាននូវឱកាសទៅសិក្សានៅបរទេស នោះមិនត្រឹមតែមកពីគុណភាពនៃការអប់រំប៉ុណ្ណោះទេ គឺវាជាឱកាសដ៏ល្អមួយដើម្បីឲ្យនាងអភិវឌ្ឍខ្លួនឯង ជំរុញខ្លួនឯងឲ្យមានភាពប្រកួតប្រជែងមិនមែនតែជាមួយជាតិសាសន៍ខ្លួន គឺថែមទាំងពង្រឹងសមត្ថភាពឲ្យស្មើនឹងជាតិសាសន៍ដទៃ បង្កើតមិត្តភាពចម្រុះជាតិសាសន៍ ពង្រឹងភាពឯករាជ្យផ្ទាល់ខ្លួន ក៏ដូចជាភាពក្លាហាន មានឱកាសដកពិសោធន៍ និងស៊ាំទៅនឹងបែបបទ និងរបៀបរបបនៃការរស់នៅរបស់ប្រទេសបច្ចិមលោក និងជាពិសេសថែមទាំងបានធ្វើដំណើរកំសាន្តទៅច្រើនប្រទេស ដោយមិនចាំបាច់មានការគាំទ្រផ្នែកថវិកាពីគ្រូសារ។ ដូច្នេះហើយទោះជាដំណើរការនៃការដាក់សុំអាហារូករណ៍មានភាពលំបាកយ៉ាងណាក៏ដោយ ក៏មិនអាចរារាំងការសម្រេចបាននូវឆន្ទៈរបស់កញ្ញាបានឡើយ។
និស្សិត តាំង គីមយូ បានបន្តថា បទពិសោធន៍ក្នុងរយៈពេលជាងមួយឆ្នាំនេះ គឺពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅហើយនឹកស្មានមិនដល់សម្រាប់រូបនាងផ្ទាល់ ហើយកញ្ញាក៏ចង់ផ្តែផ្តាំទៅសិស្សប្អូនជំនាន់ក្រោយ ត្រូវជឿជាក់លើសមត្ថភាពខ្លួនឯងទោះជាមានឧបសគ្គអ្វីក៏ដោយ ពេលបរាជ័យគួរតែលើកទឹកចិត្តខ្លួនឯង និងខំតស៊ូម្តងហើយម្តងទៀត ព្រោះជោគវាសនារបស់យើងគឺយើងជាអ្នកកំណត់។
សូមបញ្ជាក់ថា ទោះជាការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានភាពប្រកួតប្រជែងយ៉ាងណាក៏ដោយ និស្សិតរូបនេះមិនត្រឹមតែបានបញ្ចប់ការសិក្សាដោយជោគជ័យនោះទេ ថែមទាំងបានឆ្លៀតពេលពីការសិក្សា ធ្វើដំណើរកំសាន្តទៅប្រទេសផ្សេងៗ នៅក្នុងទ្វីបអឺរ៉ុបរហូតទៅដល់ ១៦ប្រទេស៕