(កំពត)៖ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បានចុះពិនិត្យកន្លែងទីតាំងភូមិសាស្រ្តរោងចក្រ ថៃ ប៊ុនរ៉ុង ស្ថិតនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ដែលជារោងចក្រផលិតស៊ីម៉ង់ត៍ទី៤ របស់ខេត្តកំពត។
រោងចក្រផលិតស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង នេះ នឹងត្រូវគ្រោងសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួនជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ខេត្តកំពតមានរោងចក្រផលិត ស៊ីម៉ង់ត៍ចំនួន ៣កន្លែង ដែលអាចផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រើប្រាស់ទូទាំងប្រទេសជាង៧០% នៅក្នុងឆ្នាំ២០១៨។
នៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង បានឲ្យដឹងថា បើតាមការគ្រោងទុក ពិធីសម្ពោធដាក់ឲ្យដំណើរជាផ្លូវការ រោងចក្រផលិតស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ខូអិលធីឌីនេះ នឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងទីតាំងរោងចក្រនេះ នាថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ដូច្នេះពាក់ព័ន្ធការងាររៀបចំពិធីការ និងសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងអង្គពិធីទាំងមូលត្រូវត្រៀមលក្ខណៈទទួលភ្ញៀវកិត្តិយសជាតិអន្តរជាតិចូលរួមចំនួន ២០០នាក់ និងវត្តមានចូលរួមរបស់ប្រជាពលរដ្ឋចំនួនប្រមាណ ៨៥០០នាក់។
ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនោះដែរ ក៏មានកិច្ចប្រជុំពិភាក្សាពីផែនការបែងចែកភារកិច្ចលំអិត នៃការទទួលខុសត្រូវក្នុងដំណើរការ ពិធីសម្ពោធពីសំណាក់គណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរ ខេត្ត និងក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ព្រមទាំងផ្នែកពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យការប្រព្រឹត្តទៅធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជា អង្គពិធីទាំងមូលប្រកបដោយភាពរលូន និងជោគជ័យ។
រោងចក្រផលិតស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង (ខូអិលធីឌី) គឺស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅពេលសម្ភោធដំណើរការចង្វាក់ផលិតកម្មអាចសមត្ថភាពផលិតបាន ប្រមាណជា ៣០០០តោន ក្នុងមួយថ្ងៃ ខណៈដែលរោងចក្រផលិតស៊ីម៉ងត៍ចំនួន៣ទៀត រួមមាន៖ រោងចក្រជីពម៉ុង, ចក្រីទីង និងខេស៊ីម៉ិន អាចផលិតបានក្នុងរង្វង់លើសខ្វះគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ៕