(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធសំណុំរឿង៤ករណីផ្សេងៗគ្នា ក្នុងនោះមានជនជាតិចិន២នាក់ និងជនជាតិខ្មែរ២នាក់ ពាក់ព័ន្ធអំពើបាញ់សម្លាប់ជនជាតិចិន នៅក្រុងព្រះសីហនុកន្លងមក។
លោក កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌ បានថ្លែងថា ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ទើបស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការបង្ក្រាប និងស្រាវជ្រាវបង្ក្រាបបានជនសង្ស័យទាំង៤នាក់ ដូចខាងក្រោមនេះ៖
*ករណីទី១៖ ការស្រាវជ្រាវបង្ក្រាប ករណីឃាតកម្មទុកជាមុន (បាញ់សម្លាប់ទម្លាក់ពីលើរថយន្ត រវាងជនជាតិចិន និងជនជាតិចិន) កាលពីថ្ងៃ០៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងក្រុមទី១៧ ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
*ករណីទី២៖ ការស្រាវជ្រាវបង្ក្រាប ករណីឃាតកម្មទុកជាមុន (បាញ់សម្លាប់យកប្រាក់៦០,០០០ដុល្លារវាងជនជាតិចិន និងជនជាតិចិន) កាលពីថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ ហ្គូតថាមរីសត បន្ទប់លេខA121 ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
*ករណីទី៣៖ ករណីស្រាវជ្រាវបង្ក្រាបករណីឃាតកម្មគិតទុកជាមុន (សម្លាប់កាត់ជាបីកំណាត់ ប្លន់យកលុយ៧០,០០០ដុល្លារ រវាងជនជាតិចិន និងជនជាតិចិន) កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នៅចំណុចហាង ប្តូរប្រាក់យីហោរជាំងស៊ូ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
*ករណីទី៤៖ ការស្រាវជ្រាវបង្ក្រាបករណីឃាតកម្ម (បាញ់សម្លាប់ពីលើរថយន្ត រវាងជនជាតិចិន និងជនជាតិចិន) កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវសេតេបើក នៅក្នុងសង្កាត់លេខ០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកស្នងការរង បានបញ្ជាក់ថា ជនសង្ស័យជនជាតិចិន២នាក់ ក្រោយនេះជាបក្ខពួកក្រុមឃាតក ដែលបាញ់សម្លាប់ជនរងគ្រោះជាជនជាតិចិនដូចគ្នា (សរុប៤នាក់ ស្រីម្នាក់) ត្រូវបានចាប់ខ្លួនអស់ហើយ។ ចំណែកជនសង្ស័យ ជនជាតិខ្មែរ២នាក់ មុខរបរធ្វើការនៅកាស៊ីណូ ដែលនគរបាលចាប់ខ្លួនដែរនេះ បើតាមលោកស្នងការរង អះអាងថា អ្នកទាំង២ពាក់ព័ន្ធបទផ្សំគំនិត (លក់អាវុធឲ្យក្រុមជនសង្ស័យ) យកទៅធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបន្ថែមនេះ រួមមាន ទី១៖ឈ្មោះ YI XIN អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ, ទី២៖ឈ្មោះ CHEN HAO អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ, ទី៣៖ឈ្មោះ នាង សានិត អាយុ៣០ឆ្នាំ និងទី៤៖ឈ្មោះ កែវ ប៊ុនណារ៉ា អាយុ៤៤ឆ្នាំ។ បច្ចុប្បន្ននេះជនសង្ស័យខាងលើ និងវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់បន្ត៕