(ភ្នំពេញ)៖ បញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក បានចេញមកបដិសេធ និងច្រានចោលព័ត៌មានរបស់ក្រុមជនទុច្ចរិតនៅក្រៅប្រទេស ដែលបានចេញផ្សាយថា នាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការ បានចុះចូលជាមួយពួកគេធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
ក្រុមជនទុច្ចរិតតាំងខ្លួនជារដ្ឋាភិបាលនិរទេសខ្លួនមាន Facebook ឈ្មោះ «Vatheaneak Chhan» នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានសរសេរថា «ក្រោយពីការប្រកាសផ្តាច់ខ្លួនចូលរួមជាបន្តបន្ទាប់ ពេលនេះមេបញ្ជាការពីររូបទៀតហេីយ គឺនាយឧត្តមសេនីយ៍ ឈិន ចាន់ពណ៌ អគ្គមេបញ្ជាការរង ទទួលបន្ទុកលើការងារសេនាធិការដ្ឋាន កងអន្តរាគមន៍ និង បញ្ជាការដ្ឋានរថក្រោះ រួមនិង នាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ ទទួលបន្ទុកលើការងារគ្រប់គ្រងដឹកនាំបញ្ជាផ្ទាល់បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន បានផ្តាច់ខ្លួនចូលរួមជាមួយរដ្ឋាភិបាលជាតិខ្មែរនិរទេស ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី សម សេរី រដ្ឋាភិបាលជាតិខ្មែរនិរទេសយេីងសូមស្វាគមន៍»។
ក្រោយឃើញការផ្សព្វផ្សាយនេះ អ្នកនាំពាក្យរបស់បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ឧត្តមសេនីយ៍ទោ ឈុន ហុង បានច្រានចោលនូវការផ្សព្វផ្សាយ និងអំពាំវនាវកុំឱ្យសាធារណជនមានការយល់ច្រឡំ។ ឧត្តមសេនីយ៍ទោ ឈុន ហុង បានចាត់ទុកការបំភ្លៃព័ត៌មាននេះ គឺជាចេតនាដ៏ពិសពុល និងអាក្រក់ក្នុងការបំបែកបំបាក់ផ្ទៃក្នុងរបស់កងទ័ព និងចង់នាំមកនូវភាពវឹកវរសម្រាប់សង្គមជាតិ។
ឧត្តមសេនីយ៍ទោ ឈុន ហុង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះ «សារនៅលើ Facebook ឈ្មោះ Vatheaneak Chhan មិនមែនជារឿងពិតនោះទេ។ នេះជាការប្រឌិតរបស់ក្រុមជនទុច្ចរិតនៅក្រៅប្រទេស ដែលកំពុងធ្វើសកម្មភាពពិសពុលដើម្បីញុះញង់បំបែកបំបាក់ក្នុងជួរកងកម្លាំងនាំដល់ភាពចលនាចល និងបែកបាក់នៅក្នុងសង្គមជាតិ»។
អ្នកនាំពាក្យរូបនេះ បានអំពាវនាវទៅដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចំពោះក្រុមជនទុច្ចរិតទាំងអស់នេះ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកលេងបណ្តាញសង្គមទាំងអស់កុំឱ្យចាញ់បោក កុំជឿលើការផ្សព្វផ្សាយរបស់ក្រុមជនទុច្ចរិតទាំងអស់នេះ។
សូមបញ្ជាក់ថា ក្រុមរបស់លោក សម សារី ដែលតាំងខ្លួនជារដ្ឋាភិបាលនិរទេសនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើសកម្មភាពបំភ្លៃព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការចុះចូលរបស់ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធជាមួយក្រុមរបស់ខ្លួន។
បើទោះបីជាយ៉ាងណាការបំភ្លៃព័ត៌មានពីក្រុមជនទុច្ចរិតទាំងអស់នេះ ត្រូវបានច្រានចោលជាបន្តបន្ទាប់ផងដែរ។ ការចេញមកបំភ្លៃព័ត៌មានរបស់ក្រុមជនទុច្ចរិតនេះ ត្រូវបានគេមើលឃើញថា ជាសកម្មភាពមួយមានបំណងពិសពុលក្នុងការបំបែកបំបាក់សាមគ្គីភាពរបស់កងទ័ពជាមួយរាជរដ្ឋាភិបាល ដើម្បីឈានទៅបង្កភាពវឹកវរនៅក្នុងប្រទេស៕
ឧត្តមសេនីយ៍ទោ ឈុន ហុង អ្នកនាំពាក្យរបស់បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ