Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទៀងមិនឈ្នះទាល់! ខំទុកចិត្តឲ្យជួយមើលការខុសត្រូវផ្ទះជួល ធ្វើការបានប៉ុន្មានខែ ប្រមូលលុយ៥ពាន់ដុល្លាររត់គេចខ្លួនបាត់, ម្ចាស់ផ្ទះដាក់ពាក្យប្តឹងទៅប៉ុស្តិ៍នគរបាលឲ្យឃាត់ខ្លួន

14-10-2019 15:48

(ភ្នំពេញ)៖ ទៀងមិនឈ្នះទាល់ ! នេះគឺជាពាក្យចាស់បុរាណ ដែលតែផ្តល់ដំបូន្មាន ឲ្យក្មេងជំនាន់ក្រោយចេះមើលមនុស្ស។ ជាក់ស្តែងស្ត្រីម្នាក់ ត្រូវបានម្ចាស់ផ្ទះ ដែលខំផ្តល់សេចក្តីទុកចិត្ត ផ្តល់ការងារឲ្យធ្វើ បែរជាបំផ្លាញសេចក្តីទុកចិត្ត បិទផ្លូវខ្លួនឯង ដោយសារអំណាចទឹកប្រាក់ ប្រមាណ៥០០០ដុល្លារអាមេរិក រត់គេចខ្លួនបាត់។

យោងតាមពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះ ដាក់ចូលប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ខណ្ឌសែនសុខ បានបញ្ជាក់ថា ស្ត្រីដែលប្រមូលលុយថ្លៃជួលផ្ទះ ប្រមាណ៥ពាន់ដុល្លារ រត់គេចខ្លួនបាត់នេះ មានឈ្មោះ ឡោ ឡេង អាយុ៣៧ឆ្នាំ រស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ម្ចាស់ផ្ទះជួលបានរៀបរាប់ក្នុងពាក្យបណ្តឹងថា ដោយសារតែក្តីអាណិតអាសូរ ដល់ស្ត្រីឈ្មោះ ឡោ ឡេង មកសុំការងារជាអ្នកសំអាត ទើបខ្លួនផ្តល់ការងារឲ្យធ្វើ បន្ទាប់ធ្វើការងារបាន៤-៥ខែ ក៏មានសេចក្តីទុកចិត្តកាន់តែខ្លាំងជាងមុន ក៏ផ្តល់ការងារជាអ្នកមើលការខុសត្រូវតូចតាចនៅផ្ទះជួលនោះ។

បន្ទាប់ពីមានឱកាស នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ឈ្មោះ ឡោ ឡេង បានធ្វើសកម្មភាពប្រមូលលុយថ្លៃជួលផ្ទះ និងថ្លៃទឹកភ្លើងពីអ្នកជួលផ្ទះ ដែលសរុបជាប្រហែល៥០០០ដុល្លារ ក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង។

ដោយខ្លួនស្ត្រីឈ្មោះ ឡោ ឡេង ខាងលើនេះទៅធ្វើការបោកប្រាស់គេបន្តទៀត ទើបម្ចាស់ផ្ទះដាក់ពាក្យបណ្តឹងទៅនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ដើម្បីរកឃាត់ខ្លួន មកដោះស្រាយតាមច្បាប់៕