(ភ្នំពេញ)៖ ក្រុមហ៊ុនផុស្ការខេមបូឌា (POSCAR Cambodia) ដែលជាក្រុមហ៊ុនឯកទេស រៀបចំប្រព័ន្ធសាលារៀនឌីជីថល បានប្រកាសព័ត៌មាន អំពីបណ្តាញសង្គមអប់រំថ្មី Wiki Book ក្នុងកម្មវិធីបារខែមអាស៊ាន២០១៩។
កម្មវិធីបារខែមអាស៊ាន២០១៩ រៀបចំឡើងនៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លោក ងន់ ម័រ សហស្ថាបនិកក្រុមហ៊ុន POSCAR Cambodia បានបង្ហាញពីសារៈសំខាន់នៃមុខងាររបស់ Wiki Book ដែលអនុញ្ញាតឱ្យមានការផ្តល់ព័ត៌មានពិត មាតិកាសំខាន់ៗសម្រាប់សិស្ស គ្រូ អ្នកអាណាព្យាបាល សាលារៀន និងក្រសួងអប់រំ ដើម្បីជួយជំរុញដល់ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យអប់រំកាន់តែមានភាពជឿនលឿន និងគាំទ្រដល់កំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡាដែលបានផ្តល់អាទិភាពលើ គោលនយោបាយអប់រំ ការបណ្តុះបណ្តាលគ្រូ និងធ្វើឱ្យប្រសើរឡើង នៅតាមគ្រឹះស្ថានសិក្សាទាំងអស់។
សហស្ថាបនិករូបនេះបន្តទៀតថា ក្រោយពីទទួលបានជោគជ័យ នៃការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រង សាលារៀន Wiki School នៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ និងសាលាមួយចំនួនទៀត ក្នុងប្រទេសកម្ពុជា, Wiki School បានរៀបចំប្រព័ន្ធអនឡាញ សម្រាប់ការចុះឈ្មោះការប្រឡងចូលរៀន ក៏ដូចជាការរៀបចំជាប្រព័ន្ធ សម្រាប់ការធ្វើកាលវិភាគ គ្រូដាក់ពិន្ទុ ការបោះពុម្ពព្រឹត្តិបត្រពិន្ទុ និងសញ្ញាប័ត្រ ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ និងសេវាផ្សេងៗទៀត នៅក្នុងទីធ្លាសាលារៀន ហើយអ្វីដែលពិសេសថែមទៀត គឺ Mobile App សម្រាប់សិស្ស អ្នកអាណាព្យាបាលអាចទទួលបានព័ត៌មាន ពីសាលាសម្រាប់ការសិក្សារបស់សិស្សដូចជា៖ កាលវិភាគ របាយការណ៍វត្តមាន ពិន្ទុ និងសេចក្តីជូនដំណឹងផ្សេងៗបានភ្លាមៗ៕
គួរជម្រាបផងដែរថាកម្មវិធី Wiki Book ដែលជាបណ្តាញសង្គមថ្មីមួយសំរាប់ប្រើក្នុងវិស័យអប់រំ នឹងត្រូវបានដាក់អោយប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ។