(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានប្រាប់ឲ្យដឹងថា សមាគមនេះនឹងដឹកនាំគណៈប្រតិភូ ជាង៣០នាក់ ទៅសហរដ្ឋអាមេរិក ដើម្បីចែករំលែកពីសក្តានុពល សម្រាប់វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។
ថ្លែងក្នុងឱកាស CVEA សហការជាមួយសមាគមជាតិអ្នកវាយតម្លៃអចលនទ្រព្យ (NAR) របស់សហរដ្ឋអាមេរិក រៀបចំបើកវគ្គសិក្សាស្តីពី «អ្នកឯកទេសក្នុងការទិញលក់អចលនទ្រព្យ ជាលក្ខណៈសកល (CIPS) នៅព្រឹកថ្ងៃទី១៤ ដល់១៨ ខែតុលា ឆ្នាំ២០១៩នេះ លោក ច្រឹក សុខនីម បានអះអាងថា នេះជាលើកមួយហើយ ដែលកម្ពុជាអាចឡើងនិយាយ លើវេទិកាអន្តរជាតិដ៏ធំបែបនេះ ខណៈកាលពីពេលកន្លងមក កម្ពុជាគ្រាន់តែមានឈ្មោះថា ជាអ្នកចូលរួមតែប៉ុណ្ណោះ។ នេះជាមោទកភាពមួយ ដែលធ្វើឲ្យកម្ពុជាកាន់តែមានភាពល្បីល្បាញ នៅលើឆាកអន្តរជាតិ។
លោក ច្រឹក សុខនីម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនឹងគ្រោងទៅអាមេរិក នៅខែ១១នេះ ខ្ញុំដឹកនាំទៅចូលរួមការប្រជុំជាលក្ខណៈអន្តរជាតិ។ អញ្ចឹង CVEA យើងនាំយកទង់ជាតិរបស់ខ្មែរយើង ទៅបង្ហាញអន្តរជាតិ ឲ្យបរទេសចាប់ផ្តើមស្គាល់។ ខ្ញុំតែងតែលើកទឹកចិត្តខ្មែរយើងឲ្យរស់នៅ ហើយចូលរួមជាមួយពួកយើង ដើម្បីឲ្យទង់ជាតិខ្មែរយើង បានដល់សកលផងដែរ»។
លោកបន្តថា «នោះជាកម្មវិធី NAR នៅអាមេរិក ការប្រជុំជាសកល មានការចូលរួម ៦៨ប្រទេស នៅលើពិភពលោក។ អញ្ចឹងហើយ ខ្មែរយើងទើបតែលើកទីមួយ ដែលឡើងនិយាយលើ Stage ព្រោះរាល់ដងគេអត់ដែល ឲ្យយើងនិយាយទេ នៅតំបន់អាស៊ាន ខ្មែរយើងជាលើកទីមួយហើយមាននៅក្នុងហ្នឹង»។
បើតាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា គោលបំណងនៃការប្រជុំ រួមមាន៖
១៖ ការចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងការធ្វើជាភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យ ឬជាអ្នកគ្រប់គ្រងក្រុមហ៊ុន។
២៖ ការនិយាយពីធុរកិច្ច មានន័យថា ការណែនាំពីអ្នកទិញអ្នកលក់ នៅលើបណ្តាប្រទេសលើពិភពលោក។
៣៖ ការចែករំលែកពីបច្ចុប្បន្នភាពទីផ្សារលើពិភពលោក នៅក្នុងប្រទេសបណ្តាតំបន់អាស៊ាន ឬក៏នៅក្នុងប្រទេសអឺរ៉ុប។
៤៖ ការនិយាយអំពីលទ្ធផលដែលគេសម្រេចបាន ដូចជាការរាយការណ៍ពីទិន្នន័យ នៃការលក់អចលនទ្រព្យទូទាំងពិភពលោក មានចំនួនប៉ុន្មានលានដុល្លារអាមេរិក។
លោក ច្រឹក សុខនីម បន្ថែមថា «ខ្ញុំនឹងចែករំលែកពាក់ព័ន្ធនឹង How to invest in ASEAN (របៀបវិនិយោគនៅតំបន់អាស៊ាន)? Cambodia is a target (ប្រទេសកម្ពុជា ជាគោលដៅ) វិនិយោគទី១»។
ចំពោះប្រធានបទ ដែលនឹងត្រូវនិយាយនៅលើឆាកដ៏ធំ នៅសហរដ្ឋអាមេរិកថា ហេតុអ្វីគេត្រូវវិនិយោគនៅស្រុកខ្មែរ ដែលជាគោលដៅទី១ ត្រូវបានលោក ច្រឹក សុខនីម ពន្យល់ថា៖
១៖ កម្ពុជាមានកម្រិត GDP ខ្ពស់ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គឺ៧.៥%
២៖ វិស័យអចលនទ្រព្យកម្ពុជា ១៥% ក្នុងមួយឆ្នាំ
៣៖ ស្ថានភាពនយោបាយរបស់រឹងមាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោកបន្តថា សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យស្ថិរភាពនយោបាយ អាចរស់នៅប្រកបរបររកទទួលទានបាន ហេតុនេះ CVEA នឹងណែនាំឲ្យវិនិយោគិនបរទេសមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា គឺវិនិយោគជាមួយនឹងភ្នាក់ងារ ដែលមានអាជ្ញាបណ្ណតែម្តង។
លោក ច្រឹក សុខនីម បញ្ជាក់បន្ថែមថា «យើងណែនាំគាត់ គួរវិនិយោគតំបន់ណា វិនិយោគប្រភេទអ្វី? យើង Access Detail ទៅលើការវិនិយោគរបស់ពួកគាត់។ អញ្ចឹងយើងចង់នាំយកវិនិយោគិន របស់ពួកគាត់មួយចំនួនមកចូលប្រទេសកម្ពុជា មានលក្ខណៈជា Network, Connection, and Key»៕