(កោះកុង)៖ ផ្តើមចេញពីអ្នកនាំភ្ញៀវទេសចរ យុវជនខ្មែរពីររូប បានចាប់ដៃគ្នាបង្កើតជាផ្ទះបណ្ដែតទឹក (បឹងកាឡូបណ្ដែតទឹក) នៅតំបន់ដៃសមុទ្រ ក្នុងព្រៃកោងកាង ខេត្តកោះកុង ដើម្បីបម្រើដល់សេចក្តីត្រូវការ របស់ភ្ញៀវទេសចរបរទេស និងខ្មែរ ដែលចូលចិត្តទេសភាពបែបធម្មជាតិព្រៃភ្នំ ក្នុងតំបន់ដៃសមុទ្រព្រៃកោងកាង។
លោក ជា រ៉ូដា ម្ចាស់ផ្ទះបណ្ដែតទឹកតាតៃក្រោម បានឲ្យដឹងថា បឹងកាឡូបណ្ដែតទឹកនេះ មានវត្តមាននៅក្នុងតំបន់តាតៃ ប្រហែល១០ឆ្នាំរួចមកហើយ ប៉ុន្តែថ្មីៗនេះ បឹងកាឡូនេះ ត្រូវបានប្តូរម្ចាស់គ្រប់គ្រងភាគហ៊ុនពីជនជាតិបរទេស មកឱ្យអ្នកគ្រប់គ្រងខ្មែរជំនួសវិញ ហើយទីតាំងនេះក៏ត្រូវបានកែប្រែសេវាកម្ម និងមុខមាត់ខ្លះៗ ដើម្បីតម្រូវទៅតាមចិត្តរបស់ភ្ញៀវទេសចរបរទេស និងខ្មែរឱ្យកាន់តែទទួលបាននូវការកម្សាន្ត និងការស្នាក់នៅថ្មីៗបន្ថែម។
លោកថា នៅក្នុងទីតាំងបឹងកាឡូបណ្ដែតទឹកថ្មីនេះ ភ្ញៀវទេសចរអាចមកស្នាក់នៅដោយសុវត្ថិភាព ជាមួយនឹងការស្វាគមន៍ដ៏រួសរាយរាក់ទាក់ ពីបុគ្គលិកគ្រប់គ្រង គ្រប់ជាន់ថ្នាក់នៅក្នុងទីតាំងនេះទាំងមូល រួមផ្សំនឹងបរិយាកាសស្ងប់ស្ងាត់ រីករាយនឹងការស្រល់ស្រូបអាហារសមុទ្របែបធម្មជាតិស្រស់ៗ ដែលបងប្អូនប្រជានេសាទ ប្រមូលផលបានជារៀងរាល់ថ្ងៃ បន្ទាប់មកភ្ញៀវទេសចរ អាចបន្តដំណើរកម្សាន្ត ទៅទស្សានាសត្វអំពិលអំពែកនាពេលយប់ និងទស្សនាថ្ងៃរៀបលិចដ៏ស្រស់ស្អាតផងដែរ។
លោកបានបន្តថា ការរាបរាប់ខាងលើនេះ គឺជាចំនុចពិសេសថ្មីៗ ដែលកើតចេញពីកូនខ្មែរពីររូប ដែលមានរូបលោកផ្ទាល់ និងដៃគូសហការម្នាក់ទៀត ក្រោយពួកលោកទាំងពីរ បានប្រើពេលវេលាជិត១០ឆ្នាំ ដើម្បីបម្រើការងារក្នុងវិស័យបដិសណ្ឋាកិច្ចនេះ ដោយកាលនោះរូបលោកទាំងពីរ គ្រាន់តែជាអ្នកនាំភ្ញៀវទេសចរតែប៉ុណ្ដោះ ហើយសូម្បីតែភាសាបរទេស ក៏មិនសូវចេះច្រើនដែរ ប៉ុន្តែលោកបានខិតខំតស៊ូរៀនជិត១០ឆ្នាំ ទាំងការងារ និងភាសាអង់គ្លេស ដើម្បីសម្រចក្តីស្រម៉ៃ ដែលចង់ក្លាយជាម្ចាស់បឹងកាឡូបណ្ដែតទឹកធម្មជាតិបែបនេះ នៅថ្ងៃណាមួយ។
លោកបន្តថា ការទទួលបាននូវជោគជ័យនាថ្ងៃនេះ គឺបានមកពីការផ្ដល់ឱកាសពីម្ចាស់បឹងកាឡូបណ្ដែតទឹក ជាជនជាតិបរទេសមួយរូប ដែលបានមកវិនិយោគ លើអាជីវកម្មបែបធម្មជាតិបែបនេះ ក្នុងខេត្តកោះកុង ហើយបានផ្តល់ឱកាសការងារដល់អ្នករស់នៅក្នុងភូមិតាតៃនេះ ឱ្យមានពន្លឺជីវិត ជាមួយនឹងការងារ បទពិសោធន៍ ការបណ្ដុះបណ្ដាល និងអាចទទួលបានប្រាក់បៀវត្ស សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ កាត់បន្ថយការចំណាកស្រុក។
បន្ទាប់ពីទទួលបានឱកាសជាមួយ និងការបណ្ដុះបណ្ដាលជាច្រើនឆ្នាំ ជាមួយម្ចាស់ជាជនជាតិបរទេស យុវជនខ្មែរពីររូបនេះ កាន់តែមានសមត្ថភាព និងមានគំនិតកែច្នៃច្រើនឡើងៗ រហូតទទួលបានការទុកចិត្តពីម្ចាស់ភាគហ៊ុនធំខាងលើ ហើយត្រូវបានម្ចាស់បឹងកាឡូនេះ ដំឡើងតួនាទីជាបន្តបន្ទាប់ រហូតក្លាយជាម្ចាស់ភាគហ៊ុនធំ នៅក្នុងទីតាំងនេះទាំងមូលក្រោយមានលិទ្ធភាព ទិញយកភាគហ៊ុនបឹងកាឡូ បណ្ដែតទឹកនេះទាំងមូល។
គួរបញ្ជាក់ថា បឹងកាឡូបណ្ដែតទឹកនេះ មានទីតាំងស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ខេត្តកោះកុង ដោយតម្លៃស្នាក់ នៅចន្លោះពី១២០-១៩៥ដុល្លារ រួមបញ្ជូលទាំងការស្នាក់នៅ អាហារពេលព្រឹក ការធ្វើដំណើរដោយទូកទាំងទៅ និងមក៕