(បាត់ដំបង)៖ លោក យុន សេក អតីតសមាជិកក្រុមប្រឹក្សាស្រុកបាណន់ ខេត្តបាត់ដំបង នៃអតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានចេញមុខសារភាពចំពោះមុខ សមត្ថកិច្ច ហើយប្រកាសមិនចូលរួមជាមួយរដ្ឋប្រហារខុសច្បាប់ ដែលរៀបចំដោយ ទណ្ឌិត សម រង្ស៉ី នោះឡើយ ព្រោះសកម្មភាពនេះជាអំពើក្បត់ជាតិ និងបង្កអសន្តិសុខដល់ប្រទេសជាតិ។
លោក យុន សេក បានមើលឃើញថា លោក សម រង្ស៉ី បានអំពាវនាវដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល បានប្រមាថអង្គព្រះមហាក្សត្រ និងអំពាវនាវដល់កងទ័ពឱ្យបង្វែកាណុង ឬប្រឆាំងរដ្ឋាភិបាល គឺជារដ្ឋប្រហារខុសច្បាប់ ដែលធ្វើឱ្យលោក ត្រូវតែដកខ្លួនចេញជាបន្ទាន់ ដើម្បីកុំឱ្យមានទោសទណ្ឌជាប់ពាក់ព័ន្ធតទៅទៀត។
អតីតសមាជិកក្រុមប្រឹក្សាស្រុកបាណន់ ខេត្តបាត់ដំបង បានអំពាវនាវដល់អតីតសកម្មជន នៃអតីតបក្សប្រឆាំងទាំងអស់ ឱ្យប្រញាប់ដកខ្លួនជាបន្ទាន់ កុំទៅចូលរួមជាមួយ លោក សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះជាដាច់ខាត ដើម្បីកុំឱ្យប្រទេសជាតិវឹកវរជាថ្មី និងធ្វើឱ្យអសន្តិសុខ អស្ថិរភាពក្នុងសង្គម។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូលប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងកៀរគរកម្លាំងធ្វើរដ្ឋប្រហារខុសច្បាប់ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួនដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញដោយ បង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
ទោះជាយ៉ាងនេះក្តី រហូតដល់ពេលនេះ មានអតីតសកម្មជន មួយចំនួនដែលបានជ្រុលខ្លួនពាក់ព័ន្ធនឹងផែនការនេះ បានដកខ្លួនចេញជាបន្តបន្ទាប់ ហើយរាយការណ៍គ្រប់សកម្មភាពល្មើសរបស់ លោក សម រង្ស៉ី និងបក្ខពួកជូនដល់សមត្ថកិច្ច៕
ខាងក្រោមនេះជាវីដេអូសារភាពរបស់ លោក យុន សេក អតីតសមាជិកក្រុមប្រឹក្សាស្រុកបាណន់ ខេត្តបាត់ដំបង នៃអតីតគណបក្សសង្គ្រោះជាតិ៖