(ភ្នំពេញ)៖ ពីទីក្រុងប្រាក ប្រទេសឆែក លោក ដួង តារា អ្នកគ្រប់គ្រង Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដោយបានប្រកាសថា សម្តេចតេជោ ហ៊ុន សែន មិនបានចេញសារពាក់ព័ន្ធបញ្ហាសំរាមនៅក្នុង ខេត្តកណ្តាលនោះទេ។
ការចេញមកបញ្ជាក់របស់លោក ដួង តារា បានធ្វើឡើងបន្ទាប់ពីមានជនខិចខូចបានបន្លំកាត់តសារមួយនិយាយពីបញ្ហាសំរាម ដោយភ្ជាប់ជាមួយទំព័រ Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ ជនទុច្ចរិត បានកាត់តរូបភាពសំរាមមួយសន្លឹក ដោយភ្ជាប់ជាមួយទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ហើយបានសរសេរ «រូបភាពនេះ ត្រូវជនអគតិ ពួកប្រឆាំងវាមិនយល់ទបើយកមកផុសបង្អាប់កិត្តិយសពលរដ្ឋខ្លួន។ បើយើងមើលមួយផ្លូវទៀត គឺដោយសារការដឹកនាំ របស់ខ្ញុំជាង៣០ឆ្នាំមកនេះ ធ្វើឱ្យកម្ពុជារីកចម្រើនសំបូរសប្បាយ ពលរដ្ឋសំបូរហូបចុក ហូរហៀរ បរិបូរណ៍ ទើបធ្វើឱ្យសំរាមកើនឡើង»។
គេមិនដឹងពីបំណងជនទុច្ចរិតក្នុងការកាត់តបន្លំធ្វើជាសាររបស់សម្តេចតេជោ ដោយភ្ជាប់បញ្ហាសំរាមនេះនោះឡើយ។ ប៉ុន្តែបញ្ហាសំរាមនៅក្នុងក្រុងតាខ្មៅដែលរាយប៉ាយក្រោយការប្រារព្ធពិធីអ៊ុទូកនេះ កំពុងទទួលការរិះគន់មួយចំនួនពីការមិនចេះទុកដាក់សំរាម។
លោក ដួង តារា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ពេលកំពុងអមដំណើរសម្តេចតេជោបំពេញទស្សនកិច្ចនៅប្រទេសឆែកយ៉ាងដូច្នេះថា «នេះមិនមែនជាសាររបស់សម្តេចតេជោនោះទេ។ វាជាការរៀបចំកាត់តរបស់ក្រុមជនទុច្ចរិតធ្វើឡើងក្នុងចេតនាមិនល្អណាមួយ។ សម្តេចលោកមិនបានចេញសារបែបនេះនោះទេ»៕