(ភ្នំពេញ)៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានសហការជាមួយសមាគមជាតិអ្នកវាយតម្លៃអចលនទ្រព្យ (NAR) របស់សហរដ្ឋអាមេរិក ដើម្បីរៀបចំបើកវគ្គសិក្សាស្តីពី «អ្នកឯកទេសក្នុងការទិញលក់អចលនទ្រព្យជាលក្ខណៈសកល-Certified International Property Specialist (CIPS)» រយៈពេល០៥ថ្ងៃ គិតចាប់ផ្ដើមពីថ្ងៃទី១៤ ដល់១៨ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។
ការរៀបចំវគ្គសិក្សានេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹង ផ្នែកអចលនទ្រព្យដល់សាធារណជនទូទៅ ដើម្បីសិក្សាស្វែងយល់ពីវិស័យអចលនទ្រព្យអន្ដរជាតិ និងសម្រាប់ទីផ្សារក្នុងស្រុក ដែលមានដូចជា៖ Global : Local Markets, The Business of U.S Real Estate, Asia/Pacific & International Real Estate, The Americas & International Real Estate, Europe & International Real Estate។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា សព្វថ្ងៃអ្នកឯកទេសក្នុងការទិញលក់អចលនទ្រព្យជាលក្ខណៈសកល ឬ CIPS មានជាង៨០ប្រទេសនៅលើពិភពលោក។ សម្រាប់ប្រទេសកម្ពុជា នេះគឺជាឆ្នាំទី២ហើយ ដែលបាន និងកំពុងធ្វើការងារ CIPS ឲ្យមានស្តង់ដារឡើង។
លោក ច្រឹក សុខនីម បានឲ្យដឹងបន្តថា វគ្គសិក្សាអ្នកឯកទេស ក្នុងការទិញលក់អចលនទ្រព្យជាលក្ខណៈសកល ឬ CIPS មានអត្ថប្រយោជន៍៤យ៉ាង។ អត្ថប្រយោជន៍ទី១ គឺសិក្ខាកាម អាចដឹងអំពីអចលនទ្រព្យ នៅក្នុងប្រទេសនីមួយៗ និងរបៀបរបបនៃការធ្វើជំនួញ។
លោកថ្លែងថា «បើយើងចង់ទិញអចលនទ្រព្យ នៅសហគមន៍អឺរ៉ុប តើយើងធ្វើយ៉ាងម៉េច ដើម្បីទិញអចលនទ្រព្យនៅទីនោះបាន? គេនឹងសិក្សា ហើយ CIPS គាត់មានបណ្តាញលើពិភពលោក អញ្ចឹងគាត់អាចណែនាំឲ្យទៅទិញអចលនទ្រព្យនៅទីនោះបាន។ CIPS គឺជាអ្នកដែលគេទុកចិត្ត នៅលើពិភពលោក ហើយគាត់អាចសហការគ្នាបាន ព្រោះគាត់មានក្រមសីលធម៌»។
លោក ច្រឹក សុខនីម បានឲ្យដឹងបន្ថែមថា CIPS ជាសមាជិកសមាគមជាតិ អ្នកវាយតម្លៃអចលនទ្រព្យ (NAR) ដែលមានសមាជិកជាង ៣លាននាក់ នៅលើពិភពលោក។ CIPS គឺជាផ្នែកមួយរបស់ NAR។ CIPS គឺជាអ្នកដែលមានឯកទេស អ្នកមានជំនាញខ្ពស់ ហើយគេជឿជាក់ខ្លាំងណាស់ នៅលើពិភពលោក។
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានអញ្ជើញអ្នកឯកទេស ក្នុងការទិញលក់អចលនទ្រព្យជាលក្ខណៈសកល មកបង្រៀនសិក្ខាកាមនៅកម្ពុជា ដើម្បីឲ្យកូនខ្មែរ ដែលជាអ្នកឯកទេសខាអចលនទ្រព្យ មានសមត្ថភាពដូចប្រទេសដទៃដែរ។ អ្នកបង្រៀនទាំងនោះ សុទ្ធតែជាអ្នកធ្លាប់មានបទពិសោធន៍ ក្នុងការបង្រៀននៅប្រទេសអាស៊ាន ហើយមានតែសិក្ខាកាម ដែលប្រឡងជាប់ទេ ទើបទទួលបានស្លាកសញ្ញា CIPS មួយនេះ។
លោក ច្រឹក សុខនីម បញ្ជាក់ថា «គាត់មកបង្រៀនច្រើន នៅក្នុងបណ្តាប្រទេសអាស៊ាន ខ្ញុំចាប់យកគាត់ ដើម្បីឲ្យគាត់ធ្វើការងារជាមួយស្រុកខ្មែរ។ ម្តងនេះយើងមាន ៦៧នាក់ ដែលជាចូលរួម ហើយយើងមានបេសកកម្មនៅឆ្នាំក្រោយតទៀត តែមិនមែន៦៧នាក់នោះ ជាប់ទាំងអស់ទេ គាត់ត្រូវប្រឡងរៀងរាល់ថ្ងៃ អញ្ចឹងបើគាត់ជោគជ័យក្នុងការប្រឡងហ្នឹង ទើបគាត់អាចក្លាយជាសមាជិករបស់ CIPS»។
បើតាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា អត្ថប្រយោជន៍ទី២ គឺគាត់បានយល់ពីសីលធម៌ នៃអ្នកឯកទេសក្នុងការលក់ទិញអចលនទ្រព្យជាសកល។ លោកលើកឧទាហរណ៍ថា បើសិនជា CIPS គាត់អត់ចង់ទៅប្រទេសអូស្ត្រាលីទេ គាត់មានបណ្តាញនៅទីនោះ គាត់អាចផ្ញើឈ្មោះអតិថិជន និងព័ត៌មានលក្ខណៈឯកជនរបស់ពួកគេបាន ហើយអាចសហការជាមួយ CIPS នៅប្រទេសអូស្ត្រាលីបាន។
លោក ច្រឹក សុខនីម បញ្ជាក់ថា «អញ្ចឹងគាត់អាចសហការគ្នាបាន ហើយស្លាកសញ្ញា CIPS គឺគេទទួលស្គាល់ខ្លាំងណាស់។ ដោយសារនេះជារឿងថ្មី សម្រាប់ប្រទេសកម្ពុជា អញ្ចឹងមិនសូវមានអ្នកយល់ទេ»។
លោក ច្រឹក សុខនីម បានរៀបរាប់បន្តថា អត្ថប្រយោជន៍ទី៣ គឺសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចង់ឲ្យប្រទេសកម្ពុជាលើកកេរ្តិ៍ឈ្មោះនៅក្នុងសកល ថាប្រជាជនខ្មែរ ក៏អាចមានសញ្ញាបត្រល្បីៗ ខាងវិស័យអចលនទ្រព្យបានដែរ មិនចាញ់បរទេសប៉ុន្មានទេ។ កូនខ្មែរជំនាន់មុន មានតែចាស់ៗទេ ដែលមានស្លាកសញ្ញា CIPS ហើយទាល់តែជាប្រធានក្រុមហ៊ុនទៀតផង ប៉ុន្តែពេលនេះលោកចង់ឲ្យមានច្រើន និងយ៉ាងទូលំទូលាយ នៅស្រុកខ្មែរទាំងមូលផងដែរ។
លោកបញ្ជាក់បន្ថែមថា «ប៉ុន្តែឥឡូវ ខ្ញុំចង់បញ្ជូនអស់នេះទៅជាសាធារណៈ ដែលអាចឲ្យក្មេងៗមករៀន ទៅធ្វើការងារ ហើយគាត់កំពុងតែប្រឡូកវិស័យអចលនទ្រព្យ នៅក្នុងការងារ។ អញ្ចឹងបើគាត់ដឹងទៅ វាជួយជំរុញឲ្យទីផ្សារអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាយើង ធ្វើជារឿងល្អ និងត្រឹមត្រូវ អត់មានអ្នកគេងបន្លំ ព្រោះអ្នកដែលជា CIPS គឺជាអ្នកដែលមានក្រមសីលធម៌ខ្ពស់ ធ្វើការងារជាភ្នាក់ងារអចលនទ្រព្យហ្នឹង គាត់មានក្រមសីលធម៌ខ្ពស់ គាត់រៀនដឹងចេះច្រើន»។
លោក ច្រឹក សុខនីម បានឲ្យដឹងបន្តទៀតថា អត្ថប្រយោជន៍ទី៤ ដោយសារសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា គឺជាស្ពានទំនាក់ទំនងល្អ និងជាសមាជិករបស់ NAR ដូច្នេះហើយទើបអាចមានលទ្ធភាពអញ្ជើញ CIPS នៅសហរដ្ឋអាមេរិក មកបង្រៀនសិក្ខាកាមខ្មែរបាន។ ដូច្នេះហើយ សិក្ខាកាមទាំងអស់ ក៏អាចនឹងអាចមានទំនាក់ទំនង ជាមួយ NAR បានផងដែរ៕