(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងផ្តាំផ្ញើ និងសំណូមពរទៅកាន់ប្រជាពលរដ្ឋថា សូមបងប្អូនស្រលាញ់ដើមឈើ ដូចស្រលាញ់កូនចៅ ស្រលាញ់កូនចៅ ដូចស្រលាញ់ដើមឈើដែរ។
លោកសំណូមពរបែបនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសបានដឹកនាំមន្ត្រីដាំដើមឈើបន្ថែម នៅគល់ស្ពានជ្រោយចង្វារទាំងសងខាង មានដើមធ្នង់ ដើមគគីរ និងដើមគ្រញូង សរុបចំនួន៣០២ដើម ដោយមានការចូលរួមដាំពីមន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌដូនពេញ ដើម្បីធ្វើឲ្យតំបន់គល់ស្ពានជ្រោយចង្វារប្រែក្លាយជាឧទ្យានបៃតង និងផ្ដល់ជាម្លប់សម្រាប់អ្នកធ្វើដំណើរទាំងអស់ ហើយរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌បៃតង និងមានបរិស្ថានល្អ ស្រូបយកអ្នកទេសចរណ៍កាន់តែច្រើនឡើងថែមទៀត។
ថ្លែងក្នុងពិធីដាំដើមឈើប្រណីត នៅគល់ស្ពានជ្រោយចង្វារនាព្រឹកថ្ងៃទី១៤ ខែតុលានេះ លោក ឃួង ស្រេង បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ត្រូវថែរក្សាដើមឈើទំាងអស់ ឲ្យរីកលូតលាស់បានល្អ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ។
លោកអភិបាលរាធានីភ្នំពេញ បានអះអាងថា ដើមឈើប្រណិតៗទាំងនេះ មិនត្រឹមតែជាម្លប់សម្រាប់ ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានជ្រកលេងកម្សាន្តប៉ុណ្ណោះទេ ថែមទំាងសម្រាប់ឲ្យមនុស្សជំនាន់ក្រោយបានស្គាល់ពីប្រភេទឈើកម្ររបស់កម្ពុជាថែមទៀតផង។
លោកបន្តថា «ដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិត មនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀង សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក។ ហេតុដូចនេះហើយ យើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ពីដើមឈើនេះ គប្បីចូលរួមដាំថែរក្សាការពារ និងស្រឡាញ់ដើមឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លូនយើងផ្ទាល់ជីវិតសត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ស្រលាញ់ដើមឈើ ដូចស្រលាញ់កូនចៅ ស្រលាញ់កូនចៅ ដូចស្រលាញ់ដើមឈើ»។
លោកអភិបាលបានថ្លែងថា ការរួមគ្នាដាំដើមឈើនាពេលនេះក្នុងគោលបំណងសំខាន់ ដើម្បីជួយថែរក្សាបរិស្ថាននៅជុំវិញរាជធានីភ្នំពេញនេះ ឲ្យកាន់តែមានភាពបៃតងស្រស់ស្អាត ពិសេសជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅលើភពផែនដី ហើយជួយកម្ចាត់ជាតិពុលនានា នៅក្នុងរាជធានីភ្នំពេញផងដែរ។
លោកអភិបាលរាធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាថែរក្សាការពារដើមឈើនៅតាមភូមិដ្ឋាន សាលារៀន វត្តអារាម តាមសួនច្បារ និងផ្លូវសាធារណៈឲ្យបានល្អ ព្រោះដើមឈើមាន គុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់បរិស្ថាន និងមនុស្សជាតិ។
សូមបញ្ជាក់ថា ដើមឈើប្រណិតល្អៗដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាំនៅត្រើយខាង លិចនៃសួនគល់ស្ពានជ្រោយចង្វារនេះ មានដើមឈើចំនួន៣០២ដើម ក្នុងនោះ ដើមធ្នងចំនួន ២០០ដើម ក្រញូង៣៦ដើម និងគគីរចំនួន៦៦ដើម។ មកដល់ពេលនេះ នៅរាជធានីភ្នំពេញមានដើមឈើទាំងតូចទាំងធំរហូតដល់ជិត ៥ម៉ឺនដើមហើយ ដោយដើមឈើទាំងនោះ បានរីកលូតលាស់ល្អ ផ្តល់ម្លប់ត្រឈឹងត្រឈី និងបង្កើតបានជាសោភ័ណភាពយ៉ាងស្រស់ស្អាត សម្រាប់សរាជធានីភ្នំពេញ៕