(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ចិន បានបង្ហាញជំនឿលើការរីកចម្រើននៃប្រទេសកម្ពុជា ដោយបានបន្តវិនិយោគលើវិស័យសំណង់ និងបានប្ដេជ្ញាថា នឹងចូលរួមចំណែកធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសស៊ីវិល័យមួយក្នុងតំបន់អាស៊ី និងលើពិភពលោក។
ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្ព័ន្ធពាណិជ្ជករថ្មីមួយរបស់ក្រុមហ៊ុន R&F Cambodia នាពេលថ្មីៗនេះ លោក វ៉ាង ជីហាវ អគ្គនាយកក្រុមហ៊ុន R&F Cambodia បានឲ្យដឹងថា អស់រយៈពេល២៥ឆ្នាំមកនេះ ក្រុមហ៊ុន អ & អេហ្វ គ្រុប បានបង្កើតនូវសមិទ្ធផលដ៏អស្ចារ្យជាច្រើន។
លោកបន្ដថា ចាប់ផ្ដើមពីបុរីតូចមួយ រហូតដល់ក្ដោបក្ដាប់សិទ្ធិ កាន់កាប់សណ្ឋាគារប្រណីតៗធំៗ នៅជុំវិញសកលលោក ក្រុមហ៊ុន អ & អេហ្វ គ្រុប នៅតែរក្សាខ្ជាប់នូវបេសកកម្មរបស់ខ្លួន ក្នុងនាមជាអ្នកប្រតិបត្តិការទីក្រុង ដើម្បីជួយជំរុញការអភិវឌ្ឍទីក្រុង និងលើកកម្ពស់ស្ដង់ដារ រស់នៅរបស់ប្រជាជន ក្នុងតំបន់ឲ្យកាន់តែប្រសើរឡើងជានិច្ច។
លោក វ៉ាង ជីហាវ បន្ថែមថា ចាប់តាំងពីឆ្នាំ២០១៧មក ក្រុមហ៊ុន អ & អេហ្វ គ្រុប បានឈានជើងចូលមកក្នុងកម្ពុជា ដោយនាំមកនូវគម្រោងសំខាន់ៗ ២របស់ខ្លួនជាបន្ដបន្ទាប់ គឺគម្រោងបុរីមជ្ឈមណ្ឌលភ្នំពេញ និងគម្រោង អ &អេហ្វ ហ័រហ៊្វូ ដែលជាសមិទ្ធផលដំបូងគេបង្អស់ ក្នុងការបើកទំព័រគម្រោងបុរីស្នាក់អាស្រ័យ នៅក្នុងរាជធានីភ្នំពេញ និងបង្កើននូវស្ដង់ដារជីវភាព រស់នៅរបស់អ្នកភ្នំពេញ ឲ្យឈានដល់មួយកម្រិតទៀត។
លើសពីនេះទៅទៀត ថែមទាំងទទួលបានជ័យលាភី លក់ដាច់ច្រើនជាងគេប្រចាំឆ្នាំ២០១៨ ក្នុងវិស័យអចលនទ្រព្យថែមទៀតផង។ នេះជាការបញ្ជាក់បន្ថែមរបស់អគ្គនាយកក្រុមហ៊ុន R&F Cambodia។
លោកថា ការវិនិយោគបន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជា នៃក្រុមហ៊ុន R&F Cambodia ដោយសារតែបានមើលឃើញថា ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងតំបន់អាស៊ាន ដែលអាចឲ្យវិនិយោគិននានា លើពិភពលោកមកវិនិយោគបាន ព្រោះកម្ពុជាមានអ្វីជាច្រើន ដែលត្រូវដាក់ទុនវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ដូចជាការអភិវឌ្ឍខុនដូ អគារខ្ពស់ និងបុរីប្រណិតៗជាដើម។
លោកបន្ថែមទៀតថា ក្នុងនាមជាសមាជិក ដែលប្រកបរបរនៅកម្ពុជា ព្រមទាំងជាអ្នកចូលរួមបង្កើតអនាគតភ្នំពេញដ៏រុងរឿង មិនថា ក្រុមហ៊ុន អ &អេហ្វ គ្រុប ឬសំណាក់ដៃគូពាណិជ្ជករទេ សុទ្ធតែជាចំណែកដ៏សំខាន់មួយ ក្នុងរង្វង់អេកូឡូស៊ីសេដ្ឋកិច្ចភ្នំពេញ ដែលដើរទន្ទឹមគ្នានឹងដំណើរ អភិវឌ្ឍទីក្រុងនៃរាជធានីភ្នំពេញ។
លោក វ៉ាង ជីហាវ បានគូសបញ្ជាក់ថា ការស្វែងរកយុទ្ធសាស្ត្រ ក្នុងការបង្កើតបរិស្ថានដ៏ប្រពៃ ក្នុងរង្វង់អេកូឡូស៊ីពាណិជ្ជកម្ម យុទ្ធសាស្ត្រប្រតិបត្តិការនូវសណ្ឋានពហុពាណិជ្ជកម្ម និងយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ ជាពហុបក្សអន្តរជាតិ នឹងក្លាយទៅជាគោលដៅរួម សម្រាប់បណ្ដាសមាជិកសម្ព័ន្ធពាណិជ្ជករ អ & អេហ្វ៕