(ភ្នំពេញ)៖ កងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងខួប២៥ឆ្នាំថ្ងៃកំណើតរបស់ខ្លួន បានបង្ហាញនូវអានុភាពកងទ័ព និងសព្វាវុធជាច្រើន តាមរយៈក្បួនព្យុហយាត្រាដែលមានរយៈពេលជិត១ម៉ោង នៅចំពោះមុខសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ថ្នាក់នាំជាន់ខ្ពស់ក្រសួងការពារជាតិ និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប។
តាមរយៈព្យុហយាត្រានេះ បានបង្ហាញថា កងពលតូចលេខ៧០ ក្នុងរយៈពេល២៥ឆ្នាំមកនេះ ខ្លួនបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងបុព្វហេតុជាតិមាតុភូមិ។ ជាពិសេសបានបង្ហាញសមត្ថភាពរបស់កងពលបានពង្រឹងកាន់តែប្រសើរ ដើម្បីបំពេញការងារ និងភារកិច្ចចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសន្តិភាពរបស់សង្គមជាតិ។
ក្រៅពីគ្រឿងសព្វាវុធផ្សេងៗជាច្រើនគ្រឿង ដែលបម្រើឲ្យវិស័យការពារជាតិ និងបូរណភាពទឹកដី កងពលតូចលេខ៧០ ក៏បានបង្ហាញនូវក្បាច់គុណ កងយោធពលខេមរភូមិន្ទ ដែលសម្ដែងកងទ័ពផងដែរ។
ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលរួមក្នុងពិធី និងបានទស្សនានូវព្យុហយាត្រានោះ បានសម្តែងនូវការចាប់អារម្មណ៍ខ្លាំងទៅលើការបង្ហាញយុទ្ធោបករណ៍ និងកងទ័ពដ៏អង់អាចនោះ។ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិ បានចាប់អារម្មណ៍ខ្លាំងទៅការបង្ហាញគ្បាច់គុណកងយោធពលខេមរភូមិន្ទរបស់កងទ័ព។
ថ្លែងក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្ដែងនូវការកោតសរសើរ ដល់កងពលតូចលេខ៧០ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ ដែលបានកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន។ ពិសេសបានដឹកនាំបញ្ជាកងកម្លាំង ព្រមទាំងកសាងអង្គភាពកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីត្រៀមទទួលរាល់បទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោកឧត្តសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានប្រកាសយ៉ាងដាច់ណាស់ថា ត្រៀមជានិច្ចដើម្បីវាយកម្ទេច រាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសុខ សន្ដិភាព ដែលរកបានមកដោយលំបាក។ លោកមេបញ្ជាការ បន្ថែមទៀតថា កងទ័ព មានចិត្តស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញា ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ឲ្យបានស្ថិតស្ថេរ រឹងមាំជាអមតៈ៕
សូមទស្សនាវីដេអូ នៃក្បូនព្យុហយាត្រា របស់កងពលតូចលេខ៧០ ខាងក្រោមនេះ៖