(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំដល់ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន កងពលតូចលេខ៧០ ក៏ដូចជាកងទ័ពទាំងអស់ ត្រូវសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចាត់វិធានការចំពោះទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។
ការប្រកាសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសសម្តេច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតកងពល ដែលមានមានប្រភពផ្ដើមចេញពីវរសេនាតូចលេខ៧១ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះបីយើងមានមោទកភាពចំពោះស្នាដៃ និងសមិទ្ធផលដែលសម្រេចបានមកហើយក៏ដោយ ប៉ុន្តែចលនាឧទ្ទាមរបស់ពួកក្បត់ជាតិ ដឹកនាំដោយទណ្ឌិត សម រង្ស៉ី និងបក្ខពួកដែលមានបរទេសនៅពីក្រោយខ្នង នៅតែមិនបោះបង់នូវមហិច្ចតាប៉ុនប៉ងបង្កអស្ថិរភាពដល់ប្រទេសជាតិ ដូចនេះ នាយទាហាន ពលទាហានកងពលតូចលេខ៧០ នៃកងយោធពលខេមរភូមិន្ទ នៅមានភារកិច្ចជាច្រើនទៀត ដែលត្រូវបំពេញ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវបរិយាកាសសន្តិសុខល្អប្រសើរ»។
ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូលប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងកៀរគរកម្លាំងធ្វើរដ្ឋប្រហារខុសច្បាប់ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួនដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញដោយ បង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
សម្តេចពិជ័យសេនា ទៀ បាញ់ បានក្រើនរំលឹកថា ដើម្បីសម្រេចបាននូវទស្សនទានចក្ខុវិស័យ និងទប់ស្កាត់បញ្ហាប្រឈមនានាខាងលើ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន កងពលតូចលេខ៧០ ត្រូវបន្តបេសកកម្មរបស់ខ្លួនតាមយុទ្ធសាស្រ្តសំខាន់ៗ ដូចខាងក្រោម៖
១៖ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានស្ថិតស្ថេរ រឹងមាំជាអមតៈ។ ត្រូវអនុវត្តភារកិច្ចឲ្យសម្រេចជោគជ័យ តាមផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ កម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រជាតិ ពិសេសបាវចនា២ អភិក្រមទាំង៩ និងអនុសាសន៍ទាំង១០ចំណុច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគោរពឲ្យបានម៉ឺងម៉ាត់ចំពោះច្បាប់ និងបទបញ្ជាទូទៅរបស់កងយោធពលខេមរភូមិន្ទ។
២៖ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងសមត្ថភាព លើកកម្ពស់គុណភាពការងារ បណ្តុះបណ្តាលយោធិនបន្តវេន ការធ្វើទំនើបកម្ម ឧបករណ៍ សម្ភារៈ មធ្យោបាយ ដើម្បីត្រៀមខ្លួនអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ឲ្យមានប្រសិទ្ធភាពខ្ពស់។ ត្រូវជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ
ការបង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ចូលរួមសកម្មភាពមនុស្សធម៌ កិច្ចការសង្គម និងសង្គ្រោះគ្រោះមហន្តរាយ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
៣៖ ត្រូវធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំនយោបាយសតិអារម្មណ៍ ដល់នាយទាហាន នាយទាហានរង និងពលទាហានជាប់ជាប្រចាំ និងធ្វើកាហ្វឹកហ្វឺន លឹកមេរៀន បណ្តុះបណ្តាលជំនាញ ទាំងនៅក្នុង-ក្រៅប្រទេស សំដៅពង្រឹងសមត្ថភាព សម្រាប់ចូលរួមបំពេញការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបំពេញបេសកកម្មជាលក្ខណៈអន្តរជាតិប្រកបដោយវិជ្ជាជីវៈ។
៤៖ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ប្រើប្រាស់ ថែរក្សា ជួសជុលសម្ភារៈយោធា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមលក្ខណៈបច្ចេកទេសបានកំណត់ និងត្រូវចាត់តាំងប្រើប្រាស់សម្ភារៈ ដែលទទួលបានពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងបណ្តាប្រទេសជាមិត្ត ឲ្យចំគោលដៅ មានតម្លាភាព ឆ្លើយតបទៅនឹងភារកិច្ចការពារជាតិ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាជន។
៥៖ ត្រូវសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចាត់វិធានការណ៍ឲ្យមានប្រសិទ្ធភាពចំពោះទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលមានផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈការប្រើប្រាស់ដៃញុះញង់ អុជអាល បំផុសបំផុល និងប្រើឧបាយកលបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តន៍ ដោយហឹង្សាក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់សន្តិសុខជាតិ៕