(កណ្ដាល)៖ លោក ណុប រ័ត្ននិមល តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ខេតកណ្ដាលថា ប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ បានដោយសារការប្តូរសាច់ស្រស់ឈាមស្រស់ របស់វីរជនស្នេហាជាតិជាច្រើនរូប ឆ្លងកាត់ការលំបាកសង្រ្គាមជាច្រើនទស្សវត្ស។
ក្នុងពិធីនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ លោក ណុប រ័ត្ននិមល បានបញ្ជាក់ទៀតថា សន្តិភាពនៅកម្ពុជា បានមកដោយលំបាក និងការខិតខំរួមគ្នា បង្កើតឡើងតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះសន្តិភាពមានតម្លៃណាស់ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាពដែលមានសព្វថ្ងៃនេះ ឲ្យបានដាច់ខាត មិនអនុញ្ញាតិឲ្យទណ្ឌិត សម រង្ស៉ី ដែលមានចេតនាចង់ធ្វើរដ្ឋប្រហារ និងប្តូររបបរាជានិយមបានឡើយ។
លោក ណុប រ័ត្ននិមល បានលើកឡើងថា កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កំពុងដើរលើផ្លូវត្រូវស្របពេល ប្រទេសមានសុខសន្តិភាព សុវត្ថិភាពស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើកគ្រប់វិស័យ មានអ្នកវិនិយោគិនបរទេស មកបណ្ដាក់ទុកវិនិយោគជាច្រើន លើគ្រប់វិស័យនៅកម្ពុជា ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ ប្រជាពលរដ្ឋមានជីវភាពរស់នៅសមរម្យ។
លោកក៏បានអំពាវនាវដល់អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ការពារជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សាសុខសន្តិភាព ការសមិទ្ធផលរបស់ជាតិ ដែលបានខិតខំកសាងតាំងពីបាតដៃទទេ និងកុំជឿការញុះញ៉ុងបោកបញ្ឆោតរបស់ពួកក្បត់ជាតិ ទណ្ឌិត សម រង្ស៉ី ដែលនាំឲ្យមានការបែកបាក់សាមគ្គីជាតិ បំផ្លាញដល់សន្តិសុខជាតិ និងសុខសន្តិភាពនៅកម្ពុជា។
គួរជម្រាបថា នៅក្នុងឱកាស នៃរដូវបុណ្យកឋិនទានឆ្នាំនេះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកស្រី បានផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានដង្ហែ ទៅកាន់៤វត្ត មានវត្តតុំ ខេត្តតាកែវ, វត្តត្រពាំងវែង ខេត្តកំពង់ស្ពឺ, វត្តវិហារត្រាញ់ និងក្រពើហារខេត្តកណ្ដាល ដើម្បីប្រមូលបច្ច័យបន្តកសាងសមិទ្ធផលក្នុងវត្ត។
ដោយឡែកវត្តប្រជុំនន្ទី ហៅក្រពើហារថ្ងៃនេះ បានដង្ហែកឋិនវេរប្រគេនព្រះសង្ឃទទួលបានបច្ច័យសង្កត់ ត្រ័យ១០០លានរៀល។
នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេនបច្ច័យវត្តព្រះសង្ឍ គ្រូសូត្រ ព្រះសង្ឃក្នុងវត្ត១៧២អង្គ ព្រមទាំងចែកជូនក្រណាត់ស និងថវិកាដល់លោកតាលោកយាយ ក្រុមប្រឹក្សាឃុំស្រុក យុវជន ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត៕