(ភ្នំពេញ)៖ ដល់ឱសានវាទឈ្មោះ ឆែម ភក្ដី អ្នកជួលបន្ទប់ស្នាក់នៅពីឈ្មោះ ព្រំ បូរ ដែលបានរំលោភកាន់កាប់ខុសច្បាប់ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ត្រូវរើយកសម្ភារផ្សេងៗចេញទាំងអស់ពីទីតាំងហើយ ក្រោយពីរដ្ឋបាលខណ្ឌ ចេញសេចក្ដីជូនដំណឹង ដោយទុករយៈពេល៣ថ្ងៃប៉ុណ្ណោះ ក្នុងការដកហូតយកដីសាធារណៈរបស់រដ្ឋត្រឡប់មកវិញ ដើម្បីដោះស្រាយបញ្ចប់ទំនាស់នានាឲ្យបានឆាប់រហ័ស តាមវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ បើគិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។
សេចក្ដីជូនដំណឹងរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា បើក្នុងករណី អស់លោកមិនអនុវត្តតាមការណែនាំនោះទេ រដ្ឋបាលខណ្ឌ និងចាត់វិធានការរដ្ឋបាលចុះរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាត បាត់បង់សម្ភារ និងផលប្រយោជន៍អ្វីឡើយ។
សូមជម្រាបថា រដ្ឋបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ពោល គឺកាលពី៣ថ្ងៃមុន បានជម្រាបមកលោក ឆែម ភក្ដី តម្រូវឲ្យបញ្ឈប់ការជួល បន្ទប់ស្នាក់នៅពីឈ្មោះ ព្រំ បូរ ហើយរើយកសម្ភារផ្សេងៗចេញពីទីតាំង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធការអនុវត្តវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ចំពោះទីតាំងបន្ទប់ជួលរបស់លោក ឆែម ភក្ដី ដែលបានជួលពីឈ្មោះ ព្រំ បូរ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ គឺស្ថិតនៅលើដីសាធារណៈរបស់រដ្ឋ ដែលឈ្មោះ ព្រំ បូរ រំលោភកាន់កាប់ដោយខុសច្បាប់ ហើយកំពុងស្ថិតក្នុងចំណាត់ការអនុវត្តវិធានការរបស់ រដ្ឋបាលរាជធានីភ្នំពេញ៕