(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន (AMAF) លើកទី៤១ កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូក៣ លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌា លើកទី៥ នៅក្រុង Bandar Seri Begawan នៃប្រទេសប៊្រុយណេ។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើ ត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ១៩៩៣ ដើម្បីបង្កើត និងអនុវត្តនូវសកម្មភាព នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីបង្កើនភាពប្រកួតប្រជែងផ្នែកចំណីអាហារ កសិកម្ម និងព្រៃឈើអាស៊ាន ក៏ដូចជាពង្រឹងការរៀបចំសន្តិសុខស្បៀងអាហារ នៅក្នុងតំបន់ និងនៅលើទីផ្សារអន្តរជាតិ។
គួររំលឹកថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤០ បានប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
កិច្ចប្រជុំ AMAF លើកទី៤០ កន្លងទៅនេះបានពិភាក្សា និងអនុម័តលើឯកសារពាក់ព័ន្ធដូចខាងក្រោម៖
១៖ គោលការណ៍ណែនាំក្នុងការជំរុញភាពទទួលខុសត្រូវលើការវិនិយោគផ្នែកចំណីអាហារ
២៖ អភិក្រមការបញ្រ្ចាបយេនឌ័រក្នុងផ្នែកចំណីអាហារ
៣៖ ផែនទីអាស៊ានសម្រាប់ពង្រឹងតួនាទីសហគមន៍កសិកម្ម នៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មសកលលោក ២០១៨-២០២៥
៤៖ គោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍកសិ-រុក្ខកម្មអាស៊ាន
៥៖ វិធីសាស្រ្តសម្រាប់វាយតម្លៃការពង្រឹងការ អនុវត្តច្បាប់ព្រៃឈើ និងអភិបាលកិច្ចនៅក្នុងបណ្តារដ្ឋជាសមាជិកអាស៊ាន៕