Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតសកម្មជនបក្សប្រឆាំង ដែលប្រមាថថ្នាក់ដឹកនាំលើ Facebook ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១៨ខែ (Video inside)

14-10-2019 10:49

(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខា បានប្រកាសសាលក្រមផ្តន្ទាទោស លោក ម៉ៃ ហុងស្រៀន ដែលត្រូវបានគេស្គាល់ជា សកម្មជននៃក្រុមបក្សប្រឆាំងក្រៅច្បាប់ដ៏សកម្មមួយរូប ដាក់ពន្ធនាគារកំណត់១៨ខែ ពីបទញុះញង់ឲ្យមានការរើសអើង និងញុះញង់ឲ្យប្រព្រិត្តបទឧក្រិដ្ឋជាអាទិ៍ តាមបទបញ្ញត្តិមាត្រា ៤៩៥ និង៥០២ នៃក្រមព្រហ្មទណ្ឌ។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ឱ្យដឹងថា សាលក្រមនេះ តុលាការបានប្រកាស កាលពីថ្ងៃសុក្រចុងសប្តាហ៍កន្លងទៅ និងបន្ទាប់ពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កញ្ញា សុង ឆវ័ន្ន បានសម្រេចចោទប្រកាន់់ឈ្មោះ ម៉ៃ ហុងស្រៀន បទ ញុះញង់ឲ្យមានការរើសអើង និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។

សូមរំលឹកថា កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានឃាត់ខ្លួន អតីតសកម្មជនរបស់ អតីតគណបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀន ដែលបានប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមបណ្តាញសង្គម Facebook។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ដល់អង្គភាពព័ត៌មាន Fresh News។

លោក ជា ពៅ បានឱ្យដឹងទៀតថា អតីតសកម្មជនបក្សប្រឆាំង ដែលត្រូវបានឃាត់ខ្លួននេះ មានឈ្មោះ ម៉ៃ ហុងស្រៀន ដែលធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើត Facebook ប្រមាថថ្នាក់ដឹកនាំ តាមរយៈការកាត់រូបភាពផ្សេងៗ។

លោកបានអះអាងថា ការចាប់ខ្លួននេះ បានធ្វើឡើងនៅលើវិថី២០០៤ រាជធានីភ្នំពេញ បន្ទាប់ពីជននេះ បានត្រឡប់មកដល់ប្រទេសកម្ពុជា ដើម្បីជួបជុំជាមួយក្រុមរបស់ពួកគេ រៀបចំផែនការដើម្បីបង្កភាពចលាចលដល់សង្គម៕