(ភ្នំពេញ)៖ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (H.E. Mr. MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ទើបតែងតាំងថ្មីប្រចាំកម្ពុជា បានកោតសរសើរខ្ពស់ចំពោះការខិតខំតស៊ូរបស់រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជា ដែលបានកសាងអភិវឌ្ឍប្រទេសជាតិ ចេញពីសង្រ្គាមទទួលបាននូវវឌ្ឍនភាពយ៉ាងក្រៃលែងដូចសព្វថ្ងៃ។ លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន មានមោទនភាពដែលបានចូលរួមចំណែកស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជាមួយប្រជាជនកម្ពុជា។
លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានលើកឡើងដូច្នេះ នៅក្នុងឱកាសចូលសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។ ក្នុងឱកាសនោះ ឯកអគ្គរាជទូតជប៉ុន បានជម្រាប សម្តេចប្រធានរដ្ឋសភា ថា ដោយសង្កេតឃើញកំណើនសេដ្ឋកិច្ចកម្ពុជាខ្ពស់ អ្នកវិយោគទុនជប៉ុនជាច្រើន មានបំណងមកបណ្តាក់ទុកនៅកម្ពុជា ហើយក្នុងបេសកកម្មការទូតនៅកម្ពុជានេះ លោក នឹងខិតខំជំរុញវិស័យពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុនឲ្យកាន់តែកើនឡើង។
លើសពី លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានសន្យាថា នឹងខិតខំជំរុញទំនាក់ទំនាក់រដ្ឋសភាប្រទេសទាំងពីរឲ្យរឹងមាំថែមទៀត ផងដែរ។ ជាមួយគ្នានេះ លោកឯកអគ្គរាជទូត បានលើកឡើងថា ជាមួយការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស កម្ពុជាអាចមានបញ្ហាខ្លះៗ ក្នុងវិស័យបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។ ជប៉ុននឹងត្រៀមជួយកម្ពុជាក្នុងបញ្ហានេះ ហើយថា បើកម្ពុជាចង់ឲ្យជប៉ុនជួយ សូមទាក់ទងស្ថានទូតជប៉ុននៅភ្នំពេញ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ជោគជ័យទាំងឡាយដែលកម្ពុជា និងជប៉ុន សម្រេចបានមកនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងរបស់ ឯកអគ្គរាជទូតជប៉ុនគ្រប់រូប ដែលបានអនុវត្តការងារយ៉ាងសកម្ម និងហ្មត់ចត់ជាមួយកម្ពុជា។ សម្តេចមានក្តីសង្ឃឹមថា លោក មិកាមិ ម៉ាសាហ៉ីរ៉ូ នឹងបន្តបេសកកម្មដ៏ល្អនេះទៀត ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រទេសទាំងពីរ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមស្វែងរកសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីស្តារ និងកសាងប្រទេសឡើងវិញ និងនៅតែបន្តជួយកម្ពុជារហូតសព្វថ្ងៃ។ សម្តេចបានស្នើដល់ភាគីជប៉ុនជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ប្រជាជនកម្ពុជាបន្ថែម ហើយថា រដ្ឋសភាត្រៀមខ្លួនជាសេ្រចក្នុងការធ្វើកិច្ចសហប្រតិបត្តិការគ្រប់យ៉ាងជាមួយ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ដើម្បីអោយបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ៕